ក្រចេះ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្ពានឆ្លងទន្លេថ្មីមួយទៀត នៅខេត្តក្រចេះនេះ នឹងត្រូវសាងសង់នាពេលដ៏ខ្លីខាងមុខនេះ។
លោករដ្ឋមន្ត្រី បានបន្តថា ការសាងសង់ស្ពាននេះ គឺដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនរបស់ប្រជាពលរដ្ឋ ប្រទេសជាតិ និងដើម្បីសម្រួលដល់ការធ្វើដំណើរ កាត់បន្ថយការកកស្ទះចរាចរណ៍ និងកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ផងដែរ ព្រោះកំណើនមធ្យោបាយដឹកជញ្ជូនមានការកើនឡើងយ៉ាងគំហុកនាប៉ុន្មានឆ្នាំចុងក្រោយនេះ។ លើសពីនេះទៅទៀត ស្ពាននេះនឹងជួយជំរុញកំណើនសេដ្ឋកិច្ចប្រជាពលរដ្ឋមួយកម្រិតធំបន្ថែមទៀត ជាពិសេសប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះនេះតែម្ដង។
ព្រឹកថ្ងៃពុធ ទី២៥ ខែមេសា ឆ្នាំ២០១៨ នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក និងកម្មករ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ដែលមានការចូលរួមពីលោក ធុន គ្រី សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្ដម ប្រធានក្រុមប្រឹក្សាខេត្ត លោក ស ចំរុង អភិបាលនៃគណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងកម្មករនៃមន្ទីរសាធារណការ និងដឹកជញ្ជូន ប្រមាណ១២០នាក់។
ឆ្លៀតក្នុងឱកាសសំណេះសំណាលនោះផងដែរ លោកទេសរដ្ឋមន្ត្រីបានជម្រាបជូនអង្គពិធី ពីកំណែទម្រង់ស៊ីជម្រៅ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីសម្រួលសេវាសាធារណៈដែលផ្ដោតលើចំណុចសំខាន់ៗបីគឺ ធ្វើឱ្យបានលឿន ធ្វើឱ្យមានតម្លាភាព និងធ្វើឱ្យមានប្រសិទ្ធភាព ដូចជាការបង្កើតឱ្យមានឆៀកចល័តដើម្បីរំកិលសេវានេះឱ្យទៅជិតប្រជាពលរដ្ឋ សេវាប្ដូរនិងពន្យារបណ្ណបើកបរនៅផ្សារទំនើបអ៊ីអន ដោយធ្វើការ៧ថ្ងៃក្នុងមួយសប្ដាហ៍ និងប្រើរយៈពេលតែប្រមាណ១៥នាទី ដើម្បីប្ដូរឬពន្យាបណ្ណបើកបរមួយ ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មដែលប្រជាពលរដ្ឋទិញម៉ូតូភ្លាមបានផ្លាកលេខភ្លាម ព្រមទាំងបង្ហាញពីសមិទ្ធផលនានាដែលសម្រេចក្នុងវិស័យដឹកជញ្ជូនដូចជា៖ ការតភ្ជាប់ផ្លូវដែកពីប៉ោយប៉ែតទៅសិរិសោភ័ណ ការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹកពីស្ពានព្រែកព្នៅទៅក្រុងតាខ្មៅ ការតភ្ជាប់ផ្លូវដែកពីស្ថានីយរថភ្លើងភ្នំពេញទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងការដាក់ឱ្យប្រើប្រាស់ស្ពានអាកាសផ្សារដីហុយ។
លើសពីនេះទៅទៀត លោកទេសរដ្ឋមន្ត្រីបង្ហាញពីគម្រោងថ្មីៗដែលត្រូវអនុវត្តបន្ត រួមមាន៖ ការពង្រីផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៣ ពី២គន្លងទៅ៤គន្លង ផ្លូវល្បឿនលឿនភ្នំពេញទៅខេត្តព្រះសីហនុ ការពង្រីកកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ ការពង្រីកការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹក ការសិក្សាគម្រោងសាងសង់ផ្លូវជាតិពីបាត់ដំបងទៅខេត្តកោះកុង និងគម្រោងផ្សេងៗទៀតជាច្រើន។
លោកទេសរដ្ឋមន្ត្រី បានបន្ថែមទៀតថា៖ សមិទ្ធផលដ៏ឧត្ដុងឧត្ដមទាំងនេះកើតចេញពីសុខសន្តិភាព និងស្ថេរភាពនយោបាយដ៏រឹងមាំ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឆ្លើយតបនឹងសំណូមពររបស់ប្រធានមន្ទីរក្នុងការផ្ដល់ថវិកាបន្ថែមដើម្បីជួសជុលផ្លូវ លោកទេសរដ្ឋមន្ត្រីបានផ្ដាំផ្ញើរឱ្យមន្ត្រីទាំងអស់ជម្រាប់ដល់ប្រជាពលរដ្ឋកុំឱ្យដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់និងធ្វើជាប្រចាំចំពោះយានយន្តផ្ទុកទំនិញលើសទំងន់កម្រិតកំណត់ និងការកែច្នៃខុសលក្ខណៈបច្ចេកទេស ព្រោះថាបើរថយន្តតែមួយគ្រឿងដឹកលើសទម្ងន់កម្រិតកំណត់ ២០តោនគឺស្មើនឹងរថយន្ត ១៦០.០០០គ្រឿងធ្វើចរាចរនៅលើផ្លូវនោះ ដែលធ្វើឱ្យផ្លូវឆាប់ទ្រុឌទ្រោម និងដាច់ខាត។ ករណីនេះធ្វើឱ្យខាតបង់ថវិកាជាតិរាប់រយលានដុល្លារសម្រាប់ជួសជុលផ្លូវឡើងវិញក្នុងមួយឆ្នាំៗ។
លោកទេសរដ្ឋមន្ត្រីបានថ្លែងអំណរគុណ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ និងកម្លាំងចិត្តក្នុងបុព្វហេតុបម្រើជាតិមាតុភូមិ និងបានផ្ដាំផ្ញើរឱ្យមន្ត្រីទាំងអស់រួបរួមសាមគ្គីសហការគ្នាឱ្យបានរឹងមាំ បន្ថែមទៀត ហើយសូមកុំឱ្យមានការបែងចែកជាក្រុម ឬជាបក្ខពួក ពោលគឺយើងមានក្រុមតែមួយគត់គឺ ក្រុមមហាគ្រួសារក្រសួងសាធារណការ និងដឹកជញ្ជូន ដែលក្រុមនេះមានតួនាទីរួបរួមសាមគ្គីគ្នាបម្រើ កសាង និងអភិវឌ្ឍប្រទេសរបស់យើងឱ្យមានការរីកចម្រើនដូចប្រទេសអភិវឌ្ឍន៍ក្នុងសកលលោក៕ ដោយ៖បញ្ញាស័ក្តិ