ភ្នំពេញ ៖ មានការចាប់អារម្មណ៍ថា ការធ្វើពិធីខួបកំណើតរបស់ប្រជាពលរដ្ឋ និងការបើកសម្ពោធដាក់ដំណើរការ ហាងនេះ ហាងនោះ ឬសមិទ្ធផលនេះ សមិទ្ធផលនោះ ឬបើកមុខរបររកស៊ីអ្វីមួយ គឺដោយសារប្រទេសជាតិកម្ពុជាយើង មានសុខសន្តិភាព សន្តិសុខសណ្ដាប់ធ្នាប់ ជាពិសេស សន្តិភាពពេញលេញ ចាប់តាំងពីឆ្នាំ១៩៩៨ មក ដោយប្រជាពលរដ្ឋមិនមានក្ដីព្រួយបារម្ភពីការរត់ភៀសសឹក ឬភ័យព្រួយពីបញ្ហាសន្តិសុខទៀតនោះទេ។

នេះជាការលើកឡើង របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថាវី អតីតអភិបាលខេត្តឧត្តរមានជ័យ បច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ ក្នុងគ្រាដែលភរិយារបស់ ឯកឧត្តម គឺលោកជំទាវ ធៀម លីណា បានរៀបចំពិធីខួបកំណើតជូនឯកឧត្តម នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ដើម្បីចម្រើនជន្មាយុ យឺនយូរ កម្លាំងកាយពលមាំមួន ចូលរួមកិច្ចការសង្គម អភិវឌ្ឍប្រទេសជាតិជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។
នៅចំពោះមុខភ្ញៀវកិត្តិយសជាច្រើន ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថាវី បានលើកឡើងទៀតថា ពាក់ព័ន្ធនឹងប្រទេសជាតិ ទទួលបានសុខសន្តិភាពពេញលេញនេះដែរ, យើងសូមទាញអារម្មណ៍លោក-អ្នក ងាកទៅមើលកាលពីមុនឆ្នាំ១៩៩៨ រាជរដ្ឋាភិបាលស្របច្បាប់តែមួយ គឺរាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន , ប៉ុន្តែការត្រួតត្រាដោយតំបន់អបគមន៍ ២-៣តំបន់ ឯណោះ មានទាំងក្រុមអង្គការចាត់តាំងរបស់ខ្មែរក្រហម (ប៉ុល ពត), ចលនាតស៊ូគណបក្សហ៊្វុនស៊ីនប៉ិច , ចលនាខ្មែរសេរីរបស់លោកតា សឺនសាន …។ ការណ៍នោះ ប្រជាពលរដ្ឋរស់នៅជាមួយនឹងភាពភ័យខ្លាច ព្រួយបារម្ភអំពីបញ្ហាសន្តិសុខ ព្រោះថាការគ្រប់គ្រងប្រព័ន្ធសន្តិសុខតាមមូលដ្ឋាន នៅមានភាពច្របូកច្របល់ និងនៅមានកម្រិត តែមកដល់បច្ចុប្បន្ន ប្រទេសកម្ពុជាទាំងមូលគ្រប់គ្រងដោយរាជរដ្ឋាភិបាលតែមួយ គឺរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្ដេចតេជោ ហ៊ុនសែន ប្រកបដោយសន្តិភាពពេញលេញ ឯកភាពជាតិ និងសាមគ្គីជាតិ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថាវី បានបង្ហាញថា ដល់ពេលស្រុកទេសមានសន្តិភាពពេញលេញអ៊ីចឹងទៅ បញ្ហាសន្តិសុខក៏ត្រូវបានគ្រប់គ្រងឱ្យមានស្ថានភាពល្អ, ដូច្នេះ គេតែងតែឃើញមានសម្ពោធហាងនេះ ហាងនោះ សម្ពោធផលិតផលនេះ ផលិតផលនោះ ដើម្បីដាក់លក់លើទីផ្សារ សម្ពោធសមិទ្ធផលនេះ សមិទ្ធផលនោះ ដាក់ឲ្យដំណើរការក្នុងសង្គម, យ៉ាងណាមិញ រូបលោក និងក្រុមគ្រួសារ នាពេលថ្មីៗនេះ ក៏ទើបតែត្រូវបានដាក់សម្ពោធឲ្យដំណើរការនូវ សណ្ឋាគារ វីលីណា អង្គរ និងហាងលក់ ពេជ្រ វីលីណា កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាច្រើនរូប រួមមាន មន្ត្រីរដ្ឋាភិបាល, មន្ត្រីរាជការ ធុរជន និងពាណិជ្ជករ សង្ឃឹមថា នឹងមានអតិថិជនគាំទ្រច្រើន។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថាវី បញ្ជាក់ទៀតថា ប្រសិនបើយើងមើលរំលងអំពីតម្លៃសន្តិភាព នោះយើងមិនដឹងថា សន្តិភាពមានអត្ថន័យយ៉ាងណានោះទេ, សន្តិភាព គឺមានតម្លៃយ៉ាងដូច្នេះ ការធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនមានស្ថានភាពធូរស្រាល, ការរីកចម្រើនផ្នែកអាជីវកម្ម ពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ច ការធ្វើឲ្យទីផ្សារសេរីចាក់ឫសលូតលាស់ប្រៀបដូចនឹងសរសៃឈាមមនុស្ស ការរស់នៅប្រកបដោយសុខដុមនីយកម្ម, ការសម្ពោធហាងនេះ ហាងនោះ ផលិតផលនេះ ផលិតផលនោះសមិទ្ធផលនេះ សមិទ្ធផលនោះ ដាក់ឲ្យដំណើរការក្នុងសង្គម ជាពិសេស ការអភិវឌ្ឍន៍លើគ្រប់វិស័យ ដូចអ្វី ដែលយើងកំពុងតែមានសព្វថ្ងៃនេះ និងកំពុងបង្កើនសក្ដានុពលថែមទៀត៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN













