ខេត្តកណ្តាល ៖ នគរបាលស្រុកល្វាឯម បានឃាត់ខ្លួនជនសង្ស័យពីរនាក់ ក្នុងនោះម្នាក់ជានគរបាល បន្ទាប់ពីធ្វើសកម្មភាពយកកាំ.ភ្លើងបា.ញ់ឡើលើ ឆ្លងឆ្នាំថ្មី កាលពីវេលាម៉ោង ២២និង៥០នាទីយប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចមុខស្ថានីយប្រេងរបស់ឈ្មោះម៉ាន់ ពិសី ភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ។

នគរបាលស្រុកល្វាឯម បានឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះផាន់ ហ៊ុយហាក់ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាល ទីលំនៅផ្ទះលេខ៨២ ភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទី២ឈ្មោះម៉ៅ ជីវិន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ អាជីវករ មានទីលំនៅផ្ទះលេខ២៩ ភូមិ៦ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
នគរបាលបញ្ជាក់ថា ជនសង្ស័យទាំងពីរនាក់ បានធ្វើដំណើរតាមរថយន្តមួយគ្រឿងម៉ាកLexus RX400hពាក់ផ្លាកលេខ ភ្នំពេញ 2AB 5368 មានក្មេងរួមដំណើរចំនួនពីរនាក់ មកពីកម្មវិធីឆ្លងឆ្នាំនៅចំណុចដីឡូតិ៍ភូមិព្រែករៃ ឃុំព្រែករៃ ស្រុកល្វាឯម ខេត្តកណ្ដាល ដោយឈ្មោះផាន់ ហ៊ុយហាក់ ជាអ្នកបើកបរ ពេលមកដល់ចំណុចកើតហេតុ ប្រជាពលរដ្ឋដែលជាម្ចាស់ស្ថាននីយប្រេង បានឃើញរថយន្តជនសង្ស័យ បា.ញ់កាំ.ភ្លើងចំនួនពីរគ្រាប់ ឡើងលើហើយក៏បានទូរស័ព្ទ រាយការណ៍មកសមត្ថកិច្ច ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកល្វាឯម បានដាក់កម្លាំងគ្រប់បណ្ដាប៉ុស្តិ៍ តាមដងផ្លូវ ដើម្បីឃាត់រថយន្តមួយគ្រឿង របស់ជនសង្ស័យនេះ ។

ពេលរថយន្តជនសង្ស័យ មកដល់ចំណុចជិតស្ពានព្រែកដូនកឹម បានឃើញរថយន្តស៊ីរ៉ែន របស់សមត្ថកិច្ច ក៏បត់រថយន្តត្រឡប់ក្រោយវិញ បើកគេច សមត្ថកិច្ចក៏បានបើករថយន្ដ ដេញតាមរហូតមកដល់ ចំណុចផ្លូវបេតុងក្នុងភូមិពាមតាឯក ដល់ផ្លូវទាល់ទើបរថយន្តជនសង្ស័យ មិនអាចបន្តទៅមុខរួច ក៏ឈប់នៅទីនោះ សមត្ថកិច្ចបានត្រួតពិនិត្យ ក្នុងរថយន្តពុំឃើញអាវុធឡើយ ហើយបាននាំជនសង្ស័យ មកសាកសួរនៅចំពោះមុខ សមត្ថកិច្ច ជនសង្ស័យឈ្មោះ ម៉ៅ ជីវិន បានសារភាពថា គេពិតជាបានបា.ញ់អា.វុធខ្លីចំនួន០២គ្រាប់ ឡើងទៅលើចេញពីក្នុងឡាន កំពុងបើកនៅចំណុចមុខស្ថានីយ៍ ប្រេងអាវុធខ្លីនេះ ជាអាវុធរបស់ខ្លួនគេផ្ទាល់ ដែបានទិញពីមនុស្សម្នាក់ មិនស្គាល់ឈ្មោះ ហើយរថយន្តរបស់គេ បានបើកសំដៅ ទៅកំពុងចម្លងអរិយក្សត្រ ។
ក្នុងពេលនៅដែលបានពិនិត្យជាតិអាកុល ទៅលើជនសង្ស័យឈ្មោះ ផាន់ ហ៊ុយហាក់ ដែលជាអ្នកបើករថយន្ត មានជាតិអាកុលចំនួន 0.092Mg/L ។
បច្ចុប្បន្ននេះ ជនសង្ស័យត្រូវបាននាំមក អធិការដ្ឋាននគរបាលស្រុកល្វាឯម បន្តចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី








