ភ្នំពេញ : សង្វៀនជល់មាន់ និងល្បែងអាប៉ោងដ៏ធំមួយកន្លែង ស្ថិតនៅក្នុងក្នុងបរិវេណភូមិគ្រឹះរបស់ឧកញ៉ាម្នាក់ ទល់មុខវត្តស្វាយសាក់ នីភូមិស្វាយសាក់ ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បានបើកលេងភ្នាល់ស៊ីសងហ៊ោរកញ្ជ្រៀវ យ៉ាងអនាធិបតេយ្យ បង្កការភ័យខ្លាចដល់ ពលរដ្ឋគ្មានសមត្ថកិច្ចបង្ក្រាប។
លោក សេង សាវ៉ន អធិការនគរបាលស្រុកស៊ីធរកណ្តាលថា លោកមិនហ៊ានចុះទៅបង្រ្កាបទេ ដោយចាំបញ្ជា ពីស្នងការរងទទួលបន្ទុក គឺលោក ពៅ ជីវី ចេញបញ្ជាសិន។

អ្នកចូលទៅលេងល្បែងជល់មាន់ក្នុងទីតាំងខាងលើបានឲ្យដឹងថា សង្វៀនជល់មាន់របស់ លោកឧកញ៉ាល្បីឈ្មោះម្នាក់ បានផ្អាកលេងភ្នាល់រយៈពេល យូរថ្ងៃមកហើយ ក្រោយបែកធ្លាយព័ត៌មានដល់ថ្នាក់ដឹកនាំខេត្ត ប៉ុន្តែបានបើកដំណើការ លេងភ្នាល់ឡើងវិញកាលពី ខែធ្នូកន្លងទៅនេះ ដោយបើកឲ្យលេងភ្នាល់ ស៊ីសងលុយកាន់តែធំ និងមានប្រកាសមេក្រូហែកបុងភ្នាល់ដាក់លុយ ដោយមិនទាន់គិតដល់ ដើមផាន់រាប់មុឺនដុល្លារក្នុងមួយគូៗ នោះទេ ព្រោះម្ចាស់ង្វៀនប្រកាសធានាថា គេបានចរចាត្រូវរូវបង់លុយ ដល់គ្រប់សមត្ថកិច្ចពាក់ព័ន្ធ តាំងពីថ្នាក់ក្រោម ដល់ថ្នាក់លើក្នុងខេត្តព្រៃវែងអស់ហើយ។

ប្រភពខាងលើបន្តថា ក្នុងភូមិគ្រឹះនេះ មានរបងថ្មខ្ពស់ព័ទ្ធជុំវិញ និងមានបិទស័ង្កសីពីលើជិត មិនអាចមើលឃើញពីសកម្មភាពអ្នកលេងល្បែងភ្នាល់ ពីខាងក្រៅបានទេ ប្រៀបដូចកាស៊ីណូដែល មានច្បាប់អនុញ្ញាត ពីរាជរដ្ឋាភិបាលអ៊ីចឹងដែរ ទើបក្រុមអ្នកមានលុយ មានយសស័ក្តិ ហ៊ានចូលទៅលេងភ្នាល់ស៊ីសងលុយធំៗ រាប់មុឺនដល់សែនដុល្លារក៏មាន។ ជាក់ស្តែងដូចថ្ងៃណាត់ប្រកួត គូរពិសេសគឺក្នុងមួយគូរៗ ត្រូវដាក់ដើមផាន់រាប់មុឺនដុល្លារ ហើយមានប្រគល់រង្វាន់ម៉ូតូpcx មួយគ្រឿង សម្រាប់គូរពិសេសថែមទៀត៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

