Thursday, March 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន លើកឡើងថា ភាពជោគជ័យរបស់ស្ថាប័នសារព័ត៌មាន គឺផ្សាយព័ត៌មានពិត និងគោរពក្រមសីលធម៌ វិជ្ជាជីវៈ

ភ្នំពេញ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានលើកឡើងថា ភាពជោគជ័យរបស់ស្ថាប័នសារព័ត៌មាន គឺត្រូវផ្សាយព័ត៌មានពិត និងគោរពក្រមសីលធម៌ វិជ្ជាជីវៈ ហើយព័ត៌មានពិតនោះ គឺទាំងការអភិវឌ្ឍ និងការរិះគន់ស្ថាបនាភាពអសកម្ម ជាពិសេស កុំលាបពណ៌គ្នា។

ការលើកឡើងបែបនេះរបស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានធ្វើឡើងក្នុងគ្រាដែលលោកជំទាវ អនុញ្ញាតឲ្យក្រុមការងារមជ្ឈមណ្ឌលព័ត៌មាន Cambodia Express News (CEN) ដឹកនាំដោយ លោកស្រី ជីប យុទ្ធារី អគ្គនាយិកា ចូលជួបសម្ដែងការគួរសម និងជូនពរលោកជំទាវក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសាកល ២០២២, ដោយលោកជំទាវកិត្តិសង្គហបណ្ឌិត បានបង្ហាញទៀតថា ស្ថាប័នសារព័ត៌មាន គឺជាកញ្ចក់ឆ្លុះបញ្ចាំងសង្គមយ៉ាងមានប្រសិទ្ធភាព និងដើរប្រកៀកគ្នាជាមួយរាជរដ្ឋាភិបាល ហើយដែលរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចាប់យកជាដៃគូមិនអាចខ្វះបាន ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សូមឲ្យស្ថាប័នសារព័ត៌មានទាំងអស់ ផ្សាយតែព័ត៌មានពិត និងគោរពក្រមសីលធម៌ វិជ្ជាជីវៈ ឱ្យខាងតែបាន ដើម្បីឱ្យការផ្សាយនោះ មានតម្លៃទាំងស្ថាប័នខ្លួនឯងផង ទាំងទៅលើមជ្ឈដ្ឋានសាធារណៈផង និងរាជរដ្ឋាភិបាលផង, នោះគឺជាភាពជោគជ័យរបស់ស្ថាប័នសារព័ត៌មានហើយ។

ទាក់ទងទៅនឹងការផ្សព្វផ្សាយលើបណ្ដាញសារព័ត៌មាន លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការផ្សាយព័ត៌មានមិនពិត នឹងធ្វើឲ្យស្ថាប័នខ្លួនឯងត្រូវបានបាត់បង់ជំនឿជឿជាក់ បាត់បង់ប្រជាប្រិយ៍ភាព និងចុះខ្សោយ។ ចំណែកការផ្សាយលាបពណ៌គ្នា ប្រាកដជានឹងធ្វើឲ្យមានការយល់ច្រឡំ និងវឹកវរ ជ្រួលច្របល់ ប៉ះពាល់ខូចខាតមុខមាត់បុគ្គល ឯកជន និងសាធារណៈ , ហើយបើផ្សាយប៉ះទៅលើស្ថានភាពអ្វីមួយរបស់រាជរដ្ឋាភិបាល ដែលអ្នកសារព័ត៌មាននោះផ្សាយលាបពណ៌ នឹងធ្វើឲ្យមជ្ឈដ្ឋានជាតិ និងអន្តរជាតិ យល់ច្រឡំថារាជរដ្ឋាភិបាល អន់ថយ ឬអាក្រក់, ដូច្នេះទាមទារឲ្យការផ្សាយនោះ គឺជាព័ត៌មានពិត គោរពក្រមសីលធម៌ និងវិជ្ជាជីវៈ ពោលគឺ ផ្សាយព័ត៌មានអភិវឌ្ឍរបស់ប្រទេសជាតិ និងភាពអសកម្មនៅជ្រុងណាមួយ ប៉ុន្តែក្នុងន័យរិះគន់ស្ថាបនា នោះយើងនឹងទទួលបានភាពជោគជ័យទាំងអស់គ្នា។

ចំណែកលោកស្រី ជីប យុទ្ធារី អគ្គនាយិកា មជ្ឈមណ្ឌលព័ត៌មាន Cambodia Express News (CEN) បានសម្ដែងនូវការគោរព រីករាយចំពោះការណែនាំចង្អុលបង្ហាញរបស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន, ដោយលោកស្រី បានបង្ហាញនូវការងារផ្សព្វផ្សាយព័ត៌មានកន្លងមកថា មជ្ឈមណ្ឌលព័ត៌មាន CEN បានផ្សាយនូវព័ត៌មានជាអត្ថប្រយោជន៍ដល់សង្គមជាច្រើន ដូចជាព័ត៌មាន ព្រឹត្តិការណ៍សំខាន់ៗរបស់ឥស្សរជន ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល, ព័ត៌មានអភិវឌ្ឍនូវសមទ្ធិផលហេដ្ឋារចនាសម្ព័ន្ធរបស់ជាតិ និងការអភិវឌ្ឍន៍របស់អាជ្ញាធរមូលដ្ឋានផ្សេងៗ, ព័ត៌មានប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺឆ្លងរាតត្បាតនៃកូវីដ-១៩ របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ, ហើយជាមួយគ្នានេះ ក៏បានផ្សព្វផ្សាយព័ត៌មានស្ដីពីជនអសកម្ម ជនខិលខូចមួយចំនួន ថែលបានធ្វើឲ្យប៉ះពាល់ដល់មុខមាត់ កិត្តិយស របស់រាជរដ្ឋាភិបាលផងដែរ ក្នុងន័យរិះគន់ស្ថាបនា ដើម្បីឲ្យពួកគេភ្ញាក់រលឹក ចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការបម្រើប្រជារាស្ត្រ សង្គមជាតិ និងប្រទេសជាតិ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×