ភ្នំពេញ៖ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញលិខិតប្រាប់អភិបាលរាជធានី-ខេត្ត បង្កលក្ខណៈងាយស្រួលដល់ការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨។
សេចក្ដីជូនដំណឹងរបស់ ក្រសួងមហាផ្ទៃ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. នឹងចាប់ផ្តើមចុះបញ្ជីគណបក្សនយោបាយនិងបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ចាប់ពីថ្ងៃទី៣០មេសា ដល់ថ្ងៃទី១៤ឧសភា២០១៨។ ហេតុក្រសួងមហាផ្ទៃសូមស្នើឲ្យរដ្ឋបាលរាជធានី ខេត្ត ធ្វើការណែនាំដល់អាជ្ញាធរឃុំ សង្កាត់ ជួយសម្រួលនិងបង្កលក្ខណៈងាយស្រួល ក្នុងការចេញលិខិតបញ្ជាក់ផ្សេងៗ ជូនបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្ររបស់គណបក្សនយោបាយដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ សម្រាប់យកទៅប្រើប្រាស់ក្នុងការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦៕ ដោយ៖បញ្ញាស័ក្តិ