ភ្នំពេញ៖ ហិរញ្ញប្បទានរបស់រដ្ឋាភិបាលជប៉ុនមកកាន់រដ្ឋាភិបាលកម្ពុជានូវទឹកប្រាក់ចំនួន៥០០លានយេន ដើម្បីផ្តល់នាវាល្បាតគយចំនួនពីរគ្រឿង ដល់គ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីឲ្យមន្ត្រីគយនៃការិយាល័យនាវាចរគយ ដើម្បីពង្រឹងសមត្ថភាព និងប្រសិទ្ធភាពនៃប្រតិបត្តិការគយជើងទឹក ក្នុងការបង្ការនិងបង្ក្រាប ប្រឆាំងទប់ស្កាត់បទលើ្មសគយតាមដែនសមុទ្រ។
នារសៀលថ្ងៃពុធ ទី២៥ ខែមេសា ឆ្នាំ២០១៨ នៅសាលប្រជុំអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មានប្រារព្ធកិច្ចប្រជុំគណៈកម្មការពិគ្រោះយោបល់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជាមួយតំណាងស្ថានទូតជប៉ុនប្រចាំនៅប្រទេសកម្ពុជា និងតំណាងទីភ្នាក់ងារប្រព័ន្ធកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុន និងប្រារព្ធពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងទីភ្នាក់ងារប្រព័ន្ធកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុន ក្រោមកម្មវិធីផ្តល់ជំនួយរបស់ប្រទេសជប៉ុន ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ដោយយោងលើលិខិតប្ដូរសារ និងកំណត់ហេតុនៃការពិភាក្សាស្ដីពីការផ្ដល់ហិរញ្ញប្បទានរបស់រដ្ឋាភិបាលជប៉ុនមកកាន់រដ្ឋាភិបាលកម្ពុជានូវទឹកប្រាក់ចំនួន៥០០លានយេន ដើម្បីផ្តល់នាវាល្បាតគយចំនួនពីរគ្រឿង ដែលចុះហត្ថលេខាដោយលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន និង លោក តារ៉ូ កូណូ រដ្ឋមន្ត្រីការបរទេសជប៉ុន នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។
លោក គុណ ញឹម បានថ្លែងថា គម្រោងជំនួយនេះ មិនត្រឹមតែផ្តល់នាវាល្បាតចំនួនពីរគ្រឿងដែលនឹងត្រូវបំពាក់នូវប្រព័ន្ធ និងឧបករណ៍ទំនើបចាំបាច់មួយចំនួនប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវវគ្គបណ្តុះបណ្តាលជំនាញជូនមន្ត្រីគយនៃការិយាល័យនាវាចរគយ ដើម្បីពង្រឹងសមត្ថភាព និងប្រសិទ្ធភាពនៃប្រតិបត្តិការគយជើងទឹក ក្នុងការបង្ការនិងបង្ក្រាប ប្រឆាំងទប់ស្កាត់បទលើ្មសគយតាមដែនសមុទ្រ ដែលជាផ្នែកសំខាន់មួយនៃផែនការយុទ្ធសាស្ត្រ និងកម្មវិធីការងារកំណែទម្រង់ និងទំនើបកម្មរបស់រដ្ឋបាលគយកម្ពុជា។
លោកបានបន្តថា ជាការរំពឹងទុក អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានឹងគ្រោងរៀបចំពិធីទទួលនាវាល្បាតទាំងពីរគ្រឿងនេះ នាចុងខែតុលាឆ្នាំ២០១៨៕ ដោយ៖បញ្ញាស័ក្តិ