ប្រិយមិត្តទស្សនិកជន បានស្គាល់ច្បាស់រួចហើយ តាចេក ដែលគាត់គឺជាតារាកំប្លែងជើងចាស់មួយរូប ត្រូវបានមហាជននៅក្នុងប្រទេសកម្ពុជាស្គាល់យ៉ាងច្រើន តាមរយៈការចេញសម្តែងនៅក្នុងក្រុមនាយ កុយ នៅលើកញ្ចក់ទូរទស្សន៍រៀងរាល់ចុងសប្តាហ៍ អស់រយៈពេលជាច្រើនឆ្នាំកន្លងមក។
តែបើទោះមានឈ្មោះល្បីជាតារាកំប្លែងចាស់ក៏ពិតមែន តែតា ចេក ហាក់ពុំមានជីវភាពល្អប្រសើរដូចអ្នកកំប្លែងជើងចាស់ដទៃនោះទេ គឺគាត់មានជីវភាពខ្វះខាត និងលំបាកខ្លាំងណាស់ ពោលគឺរកព្រឹកខ្វះល្ងាចរកល្ងាចខ្វះព្រឹក។
ដោយសារខ្លួនកាន់តែចាស់ កម្លាំងក៏ចុះខ្សោយ ថ្មីៗនេះ តាចេក បានធ្វើឲ្យមហាជនសម្តែងក្តីអាណិតអាសូរជាពន់ពេក បន្ទាប់ពីបានឃើញលោកជួបគ្រោះថ្នាក់ចរាចរណ៍ បើករ៉ឺម៉កដឹកផ្លែឈើយកទៅលក់នៅគិរីរម្យ ក្រឡាប់បណ្តាលឲ្យបែ.កក្បាលយ៉ាងធ្ងន់ធ្ងរតែម្តង កាលពីព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២១។
នេះបើតាមអាខោនហ្វេសប៊ុកឈ្មោះ នាយ ធុង ដែលគេស្គាល់ថាជាតារាកំប្លែងផងដែរ បានបង្ហោះឲ្យដឹងថា «ព្រះអើយជួយឪចេកបើកដឹកបន្លែផ្លែឈើទៅលក់នៅគីរីរម្យព្រឹកមិញបណ្ដាលឱ្យក្រ ឡា ប់ រ បួស បែ ក ក្បា ល រួមចៅពីរនាក់ទៀតសូមបងប្អូនសប្បុរសជនជួយគាត់ផងហេតុតែជីវភាព ខ្វះខាត012-70-43-72/081-72-21-44 សូមបងប្អូនមេត្តាជួយគាត់ផងនិងសូមអរគុណទុកជាមុន»។
ក្រោយពីបានឃើញអាសូរពេក មហាជនក៏បាននាំគ្នាឧបត្ថម្ភតាម ABA 1$ 2$ 5$ 10$ ជួយដល់តាចេក ដើម្បីគាត់យកទៅព្យាបាលរបួស និងសល់ខ្លះ អាចដោះស្រាយជីវភាពប្រចាំថ្ងៃបានមួយគ្រាផងដែរ។ ហើយទន្ទឹមនេះផងដែរ តាចេក ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់បងប្អូនកូនក្មួយជាសប្បុរសជនទាំងអស់ដែលបានជួយឧបត្ថម្ភដល់លោក៕ រក្សាសិទ្ធិដោយ៖ លឹម ហុង









