Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន សន្ទនាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី

ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលការសន្ទនាតាមទូរស័ព្ទពី ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី កាលពីព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២២។

យោងតាមប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅយប់ថ្ងៃទី៤ ខែមករា នេះបានឲ្យដឹងថា ក្នុងអំឡុងពេលនៃកិច្ចសន្ទនាតាមទូរស័ព្ទ ឯកឧត្តម ចូកូ វីដូដូ បានសម្ដែងនូវអំណរសាទរយ៉ាងកក់ក្ដៅ ចំពោះកម្ពុជាក្នុងការចូលកាន់តំណែង ជាប្រធានអាស៊ានក្នុងឆ្នាំ២០២២។

ឯកឧត្តម បានបញ្ជាក់សាជាថ្មីម្តងទៀត នូវការគាំទ្រយ៉ាងពេញទំហឹងរបស់ឥណ្ឌូនេស៊ី ចំពោះការធ្វើជាប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នាំ២០២២ ឲ្យទទួលបានជោគជ័យ ដោយ ឯកឧត្តម ជឿជាក់ថាជោគជ័យរបស់កម្ពុជា នឹងរួមចំណែកដល់ជោគជ័យ របស់ឥណ្ឌូនេស៊ី ក្នុងការធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២៣។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រធានាធិបតីឥណ្ឌូនេស៊ី ដែលបានគាំទ្រកម្ពុជា ជាប្រធានអាស៊ានឆ្នាំ២០២២ និងដែលបានចូលរួមយ៉ាងសកម្មក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ កាលពីថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ។

ក្រៅពីនេះ សម្តេចតេជោ ក៏បានកោតសរសើរគំនិតផ្តួចផ្តើមជាច្រើន របស់ឥណ្ឌូនេស៊ី ដែលបានរួមចំណែកដល់ដំណើរការ កសាងសហគមន៍អាស៊ាន។

ពាក់ព័ន្ធនឹងស្ថានការណ៍បច្ចុប្បន្ន នៅប្រទេសមីយ៉ាន់ម៉ា ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្ដូរ ទស្សនៈអំពីវិវឌ្ឍន៍ថ្មីៗនៅមីយ៉ាន់ម៉ា និងបានគូសបញ្ជាក់ពីសារសំខាន់ ក្នុងការពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ដើម្បីជួយមីយ៉ាន់ម៉ាក្នុងការស្វែងរកដំណោះស្រាយសមស្រប សំដៅឈានទៅសម្រេចបាននូវ ការបង្រួបបង្រួមជាតិ សន្តិភាព និងស្ថិរភាពយូរអង្វែង និងការអភិវឌ្ឍ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×