កាសែត Daily Mail ចុះផ្សាយថ្ងៃទី ២៥ ខែមេសា ឲ្យដឹងពីវត្តមាននៃនាវាមុជទឹកត្រូវបានហៅថា ជាប្រព័ន្ធ “Status-6” ឬត្រូវបានប្រសិទ្ធនាមថា ជាអាវុធអវសាន្តលោករបស់រុស្ស៊ី ដែលទើបត្រូវបានប្រធានាធិបតីពូទីន ថ្លែងបញ្ជាក់ក្នុងសុន្ទរកថា សហព័ន្ធប្រចាំឆ្នាំនាទីក្រុងមូស្គូ កាលពីខែមុន ។
មជ្ឈដ្ឋានព័ត៌មាននិងអ្នកជំនាញការលោកខាងលិច បានធ្វើការព្រមានព្រមគ្នាអំពីនាវាមុជទឹកនុយក្លេអ៊ែរគ្មានអ្នកបើកបរថ្មីរបស់រុស្ស៊ី។
បណ្តាអ្នកជំនាញការនិយាយថា គ្រាប់បែកនុយក្លេអ៊ែរ 50 Megaton ស្ថិតនៅក្រោមផ្ទៃទឹក មានសមត្ថភាពបង្ករលកស៊ូណាមិ បានកម្ពស់ដល់ទៅជាង 97m ខណៈពេលដែល “Status-6” ត្រូវបានគេដឹងថា វាមានក្បាលគ្រាប់នុយក្លេអ៊ែរ ដល់ទៅ 100 Megaton ឯណោះ ។
ក្នុងសុន្ទរកថា ថ្ងៃទី ១ ខែមីនា លោកពូទីនក៏បាននិយាយដល់វត្តមាននៃនាវាមុជទឹកគ្មានអ្នកបើកបរល្បឿនលឿននេះដែរ ។
ម្ចាស់វិមានក្រែមឡាំងមោទនភាពថា ល្បឿននិងសមត្ថភាពធ្វើចលនាក្រោមបាតសមុទ្រជ្រៅរបស់នាវាមុជទឹកនេះ ធ្វើឲ្យបច្ឆាមិត្តពុំមានវិធីណារារាំងបាន ។ លោកសង្កត់ធ្ងន់ថា ៖ “ប្រការនេះពិតជាអស្ចារ្យណាស់” ។
អ្នកស្រាវជ្រាវអាវុធនុយក្លេអ៊ែរ Rex Richardson និយាយប្រាប់គេហទំព័រ Business Insider ថា ក្បាលគ្រាប់នុយក្លេអ៊ែរដែលបាញ់ចេញពីនាវាមុជទឹកគ្មានអ្នកបើកបរនេះ អាចកម្ទេចទីក្រុងជាប់មាត់សមុទ្របានយ៉ាងងាយ ជាអាទិ៍ Los Angeles ឬ San Diego ។
លោកពូទីន សម្តែងមោទនភាពពីអាវុធប្រល័យលោកមួយនេះ គួររំលឹកថា នៅក្នុងសារសហព័ន្ធលោកពូទីនបាននិយាយដល់ឃ្លាំងអាវុធនេះ ហើយបញ្ជាក់ថា វាជាកំពូលកាំជ្រួចលឿនជាងសំឡេងប្រភេទថ្មីដែលប្រព័ន្ធការពាររបស់កាំជ្រួច NATO ពុំអាចរារាំងបាន ៕