នេះជាខណៈពេលដ៏រន្ធត់មួយ ដែលប្តីប្រពន្ធម្ចាស់ហាងមួយ បានព្យាយាមប្រយុទ្ធតតាំងនឹងចោរអំបុកអំបែងម្នាក់ បន្ទាប់ពីបានទម្លុះចូលក្នុងហាងរបស់ពួកគេ ដោយប្រើកាំបិតដ៏ស្រួចសស្ញាច ដើម្បីគំរាមប្លន់លុយពីពួកគេ ។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ចោរឈ្មោះ Paul Christian Callaghan អាយុ ៤៥ ឆ្នាំ ត្រូវបានឃើញក្នុងវីដេអូកាមេរ៉ាឃ្លាំមើល បានដើរបំបុកចូលក្នុងហាងមួយ ដោយស្លៀកពាក់គ្របបិទបាំងមុខ ជាមួយកាំបិតនៅនឹងដៃ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំមុន ។
ចោររូបនេះភ្លាមៗនោះ បានចាប់ផ្តើមយកកាំបិតភ្ជង់ស្ត្រីម្ចាស់ហាងឈ្មោះ Ramyamuki Ithalayanathan ដោយនិយាយថា៖ «ប្រគល់លុយទាំងអស់មួយខ្ញុំភ្លាម!» ។
នៅពេលនោះ នាងបានស្រែកហៅប្តីរបស់នាងឈ្មោះ Thilepan Thillainanathan ហើយប្តីប្រពន្ធនេះក៏បានចាប់ផ្តើមតតាំងដោយប្រើដំបង និងគប់ជណ្តើរដែក ដាក់ Callaghan បណ្តាលឲ្យរត់ចេញពីហាងតែម្តង ។
នៅពេលចោររូបនេះវិលត្រឡប់មកវិញ ពួកគេបានយកម្សៅម្ទេសគប់ដាក់ ប៉ុន្តែ វានៅតែអាចគ្រប់គ្រងទាញយកថតដាក់លុយ និងចាកចេញឡើងជិះកង់ ។ ភ្លាមៗនោះ Ramyamuki បានដេញតាម និងចាប់ទាញជើងកង់ក្រោយ ហើយព្រមទាំងលើកស្លាកផ្សាយពាណិជ្ជកម្ម គប់ទៅលើចោរនេះផងដែរ ។ ស្ថិតក្នុងស្ថានភាពដ៏អាស្ននេះ Callaghan ក៏គ្រវាសកាំបិតដាក់នាង និងទម្លាក់ថតដាក់លុយ ហើយជិះកង់ចេញទៅ ។
ទោះយ៉ាងណា Callaghan ក្រោយមកត្រូវបានចាប់ខ្លួន ដោយក្បាលគ្របដណ្តប់ដោយម្សៅម្ទេស និងនិយាយថា៖ «ឲ្យខ្ញុំសុំទោសផង នូវអ្វីដែលខ្ញុំបានធ្វើ ។ ហើយខ្ញុំក៏ពុំបានរងការឈឺចាប់ត្រង់កន្លែងណានោះដែរ» ។
បន្ទាប់ហេតុការណ៍នេះ Ramyamuki និយាយថា៖ «ពួកខ្ញុំបានរក្សាទុកម្សៅម្ទេសនៅក្នុងចង្ក្រានបាយ ។ វាពិតជាមានឥទ្ធិពលខ្លាំងណាស់ ដូច្នេះ វានឹងធ្វើឲ្យឈឺចាប់ក្រហុលក្រហាយអន្ទះអន្ទែងយ៉ាងខ្លាំង ប្រសិនវាត្រូវចំភ្នែករបស់អ្នកឯង!!» ៕ ចន្ទី