នេះពិតជារឿងមួយដ៏មិននឹកស្មានដល់ និងគួរឲ្យព្រួយបារម្ភខ្លាំងណាស់ គ្រាដែលនារីស្រស់ស្អាតម្នាក់ ត្រូវបានគេប្រទះឃើញកំពុងអង្គុយតែឯងទាំងកណ្តាលយប់អាធ្រាត្រស្ងាត់ជ្រងំ និងសង្ស័យមានបញ្ហាស្មារតី ព្រោះបាននិយាយប្លែកៗពេលសន្តិសុខសួរនាំ តាំងតែពីវេលាម៉ោង ១១ យប់ រហូតដល់ម៉ោងជាង៤ ទៀបភ្លឺថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ ស្ថិតនៅចំណុចស្ថានីយ៍ប្រេងឥន្ទនៈកាល់តិច(ស្តុបបូកគោ) ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ប៉ុន្តែ អ្វីដែលគួរចាប់អារម្មណ៍នោះ គឺនៅពេលសមត្ថកិច្ចមូលដ្ឋានចុះមកសួរនាំ នារីរូបនេះបានប្រាប់ថា នាងមានអាខោនហ្វេសប៊ុកឈ្មោះ Ma Noch ជាអ្នករកស៊ីលក់ឥវ៉ាន់បោះដុំ និងលក់រាយ និងសូម្បីរកឃើញរូបថតរក្សាទុកក្នុងអាខោន សុទ្ធតែស្រស់ៗស្អាត ខុសប្លែកខ្លាំងពីសម្រស់បច្ចុប្បន្ន ដែលរូបថតទាំងនោះ អាចតាំងពីនាងមិនទាន់មានបញ្ហាបែបនេះម្ល៉េះ។ លើសពីនេះ នៅក្នុងហ្វេសប៊ុករបស់នាង ក៏បានរកឃើញនាងបានផុសបែបនេះថា៖ «មានអ្នកណាត្រូវទៅភ្នំពេញអត់ ង៉ៃហ្នឹងសុំផ្ញើខ្លួនមួយផង»។
ជាក់ស្តែង នារីរូបនេះ ក៏បានប្រាប់សមត្ថកិច្ចថា នាងមកលេងភ្នំពេញទើបតែបានប៉ុន្មានថ្ងៃទេ និងមានទីលំនៅនៅក្រុងកែប ហើយថែមទាំងប្រាប់ទៀតថា នាងមិនទាន់ចង់ទៅផ្ទះវិញទេ ដោយចង់នៅបន្តដើរលេងម្នាក់ឯងទៀតសិន។ តែទន្ទឹមនោះផងដែរ សមត្ថកិច្ចពុំបានរកឃើញនាងពុំមានសម្ភារៈ ឬ ឯកសារសម្គាល់អ្វី នៅជាប់ខ្លួននោះទេ ដែលពិតជាគួរឲ្យព្រួយបារម្ភសុវត្ថិភាពនាងជាខ្លាំង។
តែទោះជាយ៉ាងណា អ្វីដែលមិននឹកស្មានដល់នោះ គឺនារីខាងលើមិនមែននៅលីវម្នាក់ឯងទេ ព្រោះនាងត្រូវបានដឹងថា ទើបតែសម្រាលកូនខ្ចីប៉ុណ្ណោះ ហើយនាងកើតមានបញ្ហាផ្លូវចិត្តរហូតដើរតែលតោលបែបនេះ គឺអាចដោយសារនាងរងសម្ពាធផ្លូវចិត្តធ្ងន់ធ្ងរជាមួយគ្រួសាររបស់នាងតែម្តង។ នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ គុយ សល្យ ដែលត្រូវជាអ្នកស្គាល់បានផុសរូបកូនតូចរបស់នាង និងរៀបរាប់ឲ្យដឹងថា៖ «រឹងមាំឡើងស៊ូៗឡើងណាប្អូនស្រី អាអូនកំពុងរង់ចាំម៉ាក់ៗត្រឡប់មកផ្ទះវិញ គាត់មានរឿងពិបាកចិត្តតែងតែពិភាក្សាជាមួយខ្ញុំរហូត អត់មានអីជួយប្អូនបាន មានតែពាក្យលើកទឹកចិត្តផ្តល់កំលាំងចិត្តដល់គាត់ជានិច្ច សង្ឃឹមថាប្អូនស្រីបានឃើញហើយត្រឡប់មកផ្ទះវិញណា»៕ រក្សាសិទ្ធិដោយ៖ លឹមហុង











