៧ឆ្នាំមកហើយ ដែលថ្ងៃណាក៏ដោយបុរសចិនម្នាក់នេះ តែងដឹកម្តាយវ័យ ៩២ឆ្នាំ ដោយកង់អគ្គិសនី ហើយកាន់ដៃម្តាយជាប់រៀងរាល់ពេលយកទំនិញ នៅប្រគល់ឲ្យអតិថិជន ព្រោះតែខ្លាចគាត់… វង្វេងបាត់ ។
Cai Jujun អាយុ ៥២ឆ្នាំ ជាបុគ្គលិកផ្នែកដឹកជញ្ជូនចែកចាយទំនិញលឿន នៅទីក្រុងចេងឌូ ខេត្តស៊ីឈួន ។ ក្រោយពេលរឿងរ៉ាវរបស់គាត់ត្រូវបានគេយកទៅបង្ហោះលើបណ្តាញសង្គម និងមានការចែករំលែកដូច “ព្យុះ” ក៏ក្លាយជានិមិត្តរូបគំរូ នៃភាពកត្តញ្ញូ ដែលសង្គមទំនើបបច្ចុប្បន្នពិតជាពិបាក…រក ។
លោក Cai ដឹកម្តាយទៅជាមួយគ្រប់ទីកន្លែងនៅចេងឌូ
ដើម្បីធ្វើបានបែបនេះ លោក Cai ត្រូវជួសជុលកង់អគ្គសនីរបស់ខ្លួន ដើម្បីឲ្យម្តាយបានអង្គុយស្រួល ។ នៅកែបខាងក្រោយលោកដាក់បន្ថែម បន្ទះក្តារ២សន្លឹក ហើយក៏តម្លើងបន្ថែម ក្តារ២បន្ទះទៀតសម្រាប់ឲ្យម្តាយងាយដាក់ជើង ។ លើសពីនេះ លោកនៅបានរៀបចំឲ្យមានខ្សែ “សុវត្ថិភាព” ចងម្តាយផ្អោបនឹងខ្លួន។
លោក Cai បានចែករំលែកបន្ថែមថា ៖ ២០ឆ្នាំមុន ក្រុមគ្រួសាររបស់គាត់បានប្តូរទីលំនៅមកកាន់ក្រុងចេងឌូ ។ លោកនិងភរិយាបានធ្វើការនៅក្រុមហ៊ុនចែកចាយទំនិញអនឡាញ ហើយម្តាយរបស់លោកនៅផ្ទះម្នាក់ឯង ។
ប៉ុន្តែវ័យកាន់តែជរាគាត់កាន់តែភ្លេចភ្លាំង ហើយយូរទៅលែងគ្រប់គ្រងខ្លួនឯងបាន ហើយក៏ពុំអាចថែទាំខ្លួន ដោយខ្លួនឯងបាន ។ ហេតុនេះឯងលោកពុំមានជម្រើសអ្វី ក្រៅពីយកគាត់ទៅតាមដើម្បីមើលថែប៉ុណ្ណោះ ។
ពេលខ្លះគេពុំឲ្យគាត់ចូលទាល់តែខ្ញុំអង្វករ ហើយរៀបរាប់ទើបគេអាណិត ក៏អនុគ្រោះ ហើយពេលខ្លះទៀតបង្ខំចិត្តពឹងមិត្តភក្តិឲ្យជួយមើលគាត់បានមួយភ្លែតៗ ។
ទោះយ៉ាងណា ក៏ខ្ញុំសប្បាយចិត្តពេលគាត់នៅក្បែរខ្ញុំ ៕