ដូចដែលប្រិយមិត្តបានជ្រាបរួចហើយ ដែលកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ អ្នកលក់ឡេអនឡាញដ៏ល្បីឈ្មោះឧកញ៉ាជំទាវ អ៊ាន សៀវម៉ី បានត្រូវក្រុមចោរដឹកនាំដោយមេបក្សខ្មែរក្រោកលោក វិល្លាម គ័ង ចូលប្លន់ប្រមូលយកគ្រឿងពេជ្រខ្ទង់លានដុល្លារ ឡើងផ្អើលកក្រើកតែម្តង ហើយចម្លើយសារភាពដ៏ហួសចិត្តរបស់លោកមេបក្ស វិល្លាម គឺដោយសារតែជ្រេញនឹងជំទាវ អ៊ាន សៀវម៉ី ពូកែសម្ញែងពេជ្រខ្លាំងពេក ក៏សម្រេចចូលប្លន់ទុកជាការព្រមានដល់អ្នកដទៃ។
តែទោះយ៉ាងណា ក្រោយប្លន់បានមួយថ្ងៃ ក្រុមបក្ខពួកចោរប្លន់របស់លោក វិល្លាម ក៏ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកប្រតិបត្តិការក្របួចបានទាំងចង្កោមតែម្តង ស្ថិតនៅផ្ទះវីឡាដ៏ស្កឹមស្កៃរបស់លោក វិល្លាម ។ ហើយទន្ទឹមនោះផងដែរសមត្ថកិច្ចក៏បានប្រគល់គ្រឿងអលង្ការពេជ្រទាំងនោះ ជូនជនរងគ្រោះឧកញ៉ាជំទាវ អ៊ាន សៀវម៉ី វិញផងដែរ។
ដោយឡែកក្រោយភ្លៀងមេឃស្រឡះ បើទោះជាទើបត្រូវចោរប្លន់ឡើងញ័រសាច់យ៉ាងណា ក៏ជំទាវឧកញ៉ា អ៊ាន សៀវម៉ី មិនភ្លេចសប្បាយដូចប្រជាពលរដ្ឋដទៃ ក្នុងថ្ងៃឆ្លងឆ្នាំថ្មី ២០២២ នោះដែរ ដោយបាននាំក្រុមគ្រួសារទៅដើរលេងកម្សាន្តនៅឯរមណីយដ្ឋានមួយកន្លែងយ៉ាងមានក្តីសុខ។ ហើយជាមួយគ្នានោះ ជំទាវឧកញ៉ា អ៊ាន សៀវម៉ី និងស្វាមី ក៏បានបកស្រាយចម្រៀងមួយបទដ៏មានអត្ថន័យរួមគ្នា យ៉ាងពិរោះថែមទៀតផង។
ទន្ទឹមនោះផងដែរ គេក៏បានឃើញហ្វេនៗជាច្រើន បានចូល Comment សរសើរថា៖ «ពិរោះណាស់ Idol, បងស្រីនិងបងប្រុសច្រៀងបានពិរោះដូចគ្នា»។ រីឯអ្នកខ្លះទៀត ក៏បានជូនពរឲ្យក្រុមគ្រួសារអ្នកទាំងពីរជួបតែសេចក្តីសុខ និងការធ្វើដំណើរ សូមជួបតែសុខសុវត្ថិភាពផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង









