ការស្លាប់ដ៏សោកសៅរបស់ក្មេងស្រីអាយុ ៨ ឆ្នាំ ម្នាក់ រស់ក្នុងសង្កាត់លេខ១ ទីក្រុងហូជីមិញ គឺពិតជាបានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន។ ដោយឡែក មកដល់ថ្ងៃទី 2 ខែមករា ប៉ូលីសស្រុក Binh Thanh បានផ្ទេរសំណុំរឿងទាំងអស់ ទៅការិយាល័យភ្នាក់ងារប៉ូលីសស៊ើបអង្កេត (PC01) នៃនាយកដ្ឋានប៉ូលីសទីក្រុងហូជីមិញ ដើម្បីធ្វើការផ្ទៀងផ្ទាត់ និងស៊ើបអង្កេតបន្តតាមសមត្ថកិច្ចរបស់ខ្លួន។
យោងតាមប្រភព Dan Viet, នាយកដ្ឋានប៉ូលីសស្រុក Binh Thanh បានប្រមូលបានកាមេរ៉ានៅក្នុងផ្ទះរបស់លោក Nguyen Trung Kim Thai អាយុ ៣៧ ឆ្នាំ ត្រូវជាឪពុកបង្កើតរបស់ក្មេងស្រីរងគ្រោះ។ ហើយតាមរយៈភស្តុតាងកាមេរ៉ា បានរកឃើញថា ប្រពន្ធចុងរបស់គាត់នាង Nguyen Vo Quynh Trang តែងតែធ្វើបាប និងវាយដំមកលើកូនចុងរបស់ខ្លួនយ៉ាងព្រៃផ្សៃ។
លោក Thai បានឆ្លើយសារភាពថា គាត់ធ្លាប់បានឃើញប្រពន្ធចុងវាយកូនស្រីបង្កើតរបស់ខ្លួនជាច្រើនដង ប៉ុន្តែពុំបានឃាត់នោះទេ និងបានត្រឹមយកថ្នាំលាបរបួសឲ្យកូនស្រីប៉ុណ្ណោះ។ ចំណែក នាង Trang ជាម៉ែចុងមិនទាន់ស្របច្បាប់ចិត្តឃោរឃៅនេះវិញ ក៏បានសារភាពថា ក្នុងអំឡុងពេលប្រើហិង្សាម្តងៗ ខ្លួនតែងប្រើដៃ ជើង ឈើ ដែក បំពង់ជ័រ និងរំពាត់ផ្តៅ ជាដើម។
ឪពុករូបនេះ បាននិយាយថា នៅថ្ងៃកើតហេតុ (ទី២២ ខែធ្នូ ឆ្នាំ២០២១) គាត់បានទៅធ្វើការ ដោយពុំបានឃើញការរំលោភបំពានប្រើហិង្សាពីសំណាក់ Tran មកលើកូនស្រីរបស់ខ្លួននោះទេ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែធ្នូ នាង Trang បានវាយក្មេងស្រីរងគ្រោះលើកចុងក្រោយយ៉ាងសាហាវរហូតដល់សន្លប់ ហើយក្មេងស្រីរងគ្រោះ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែ គ្រូពេទ្យបានប្រកាសថា នាងបានស្លាប់ តាំងពីមុនមកដល់មន្ទីរពេទ្យម្ល៉េះ។ គ្រូពេទ្យក៏បានពិនិត្យឃើញរបួស និងស្នាមជាំលើខ្លួនរបស់ក្មេងស្រីរងគ្រោះស្ទើរសុះសាច់គួរឲ្យអាសូរ ដែលបានជំរុញឱ្យប៉ូលីសបើកការស៊ើបអង្កេត និងឈានឃាត់ខ្លួននាង Trang ភ្លាមៗតែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង












