វេជ្ជបណ្ឌិតផ្នែកវះកាត់ John Martin នៅអាមេរិក បានប្រើប្រាស់បរិក្ខារសុខាភិបាលតភ្ជាប់ជាមួយអាយហ្វូន(iPhone) ដើម្បីពិនិត្យនិងរកឃើញជំងឺមហារីកបំពង់ករបស់ខ្លួន។
បរិក្ខារនេះតាមពិតទៅវាជាម៉ាស៊ីនស្គែនអាចភ្ជាប់ជាមួយអាយហ្វូន ដើម្បីស្គែនមើលរូបភាពខាងក្នុងសរីរាង្គ។ John Martin លោកទទួលអារម្មណ៍ថាបំពង់កខ្លួនមានបញ្ហា ហេតុនេះក៏នឹកគិតដល់ការប្រើប្រាស់បរិក្ខារខាងលើដើម្បីពិនិត្យជំងឺរបស់ខ្លួន ។
ទោះបីលោកពុំមានឯកទេសពីការពិនិត្យវិនិច្ឆ័យពីរោគមហារីក្តី ប៉ុន្តែតាមរយៈរូបភាពនិម្មិតឡើងលើអាយហ្វូននៅពេលស្គែនធ្វើឲ្យ John Martin ដឹងថា ខ្លួនកំពុងប្រឈមមុខនឹងបញ្ហាសុខភាពធ្ងន់ធ្ងរ។
បរិក្ខារតភ្ជាប់ដែល Martin ប្រើប្រាស់ដើម្បីស្វ័យពិនិត្យជំងឺរបស់ខ្លួន មានឈ្មោះថា Butterfly IQ ដែលក្រុមហ៊ុន Butterfly Network បានស្រាវជ្រាវនិងអភិវឌ្ឍ។ បរិក្ខារនេះមានទំហំប៉ុនម៉ាស៊ីនកោរពុកមាត់ ហើយអាចតភ្ជាប់ជាមួយអាយហ្វូន បានតាមច្រក lightning។
ដោយមានតម្លៃត្រឹម ១.៩៩៩ ដុល្លារ Butterfly IQ ត្រូវបានចាត់ទុកជាដំណោះស្រាយសន្សំសំចៃថវិការបានដ៏ច្រើនសម្រាប់ការពិនិត្យវិនិច្ឆ័យជំងឺមហារីកបើប្រៀបទៅនឹងការប្រើប្រាស់ឧបករណ៍របស់មន្ទីរពេទ្យ។ គួររំលឹកថា Butterfly IQ បានអភិវឌ្ឍសាកល្បង និងសុក្រិតភាពម៉ាស៊ីនស្កែន “កំពូលតូច” ជិត១០ឆ្នាំមកហើយ។ ក្រុមហ៊ុននេះបានកែសម្រួលខាងបច្ចេកទេស និងពូតផ្តុំម៉ាយក្រូឈីប (microchip) សម្រាប់បរិក្ខា Butterfly IQ ដ៏តូច ហើយងាយស្រួលប្រើប្រាស់ជាទីបំផុត៕ ដោយ ៖ សូយន