ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្ដីពីការហាមឃាត់ការចែកចាយ ឬលក់ឱសថ GOOD KIDNEY គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាល សូមជម្រាបជូនដល់សាធារណជនទាំងអស់ ឲ្យបានជ្រាបថា៖ យោង តាមការពិនិត្យឃើញ លើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) មានគណនីឈ្មោះ ១.សុខភាព ជាទ្រព្យ, ២, WE Care, ៣, Healthy Care Plus ដែលបានកំពុងផ្សព្វផ្សាយលក់ឱសថឈោ្មះ GOOD KIDNEY គ្មានលេខបញ្ជិកា និងគ្មានច្បាប់អនុញ្ញាត ឲ្យផ្សព្វផ្សាយ ពីក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២១។

អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្ដីពីការ គ្រប់គ្រងឱសថតម្រូវឱ្យរាល់ការចរាចរឱសថ ឬផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬ ព្យាបាលជំងឺគ្រប់ប្រភេទ ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខទិដ្ឋាការ ឬបញ្ជិកា ពីក្រសួងសុខាភិបាល ហើយរាល់ការផ្សព្វផ្សាយ ផលិតផលទាំងនេះ ត្រូវមានការអនុញ្ញាតពីក្រសួងសុខាភិបាល។
ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព អ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ ផលិតផលឱសថ គ្មានលេខទិដ្ឋាការ ឬបញ្ជិកា ពីក្រសួងសុខាភិបាលខាងលើ ជាបន្តទៀត ព្រោះផលិតផលនេះគ្មានប្រភពច្បាស់លាស់ ដែលមិនអាចធានាបាននូវគុណភាព និងសុវត្ថិភាពបានឡើយ។
ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹង ទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីហ្វេសប៊ុក ខាងលើ និងជនពាក់ព័ន្ឋដទៃទៀតដែលបាន និងកំពុងផ្សព្វផ្សាយលក់ឱសថ GOOD KIDNEY ទៅតាមច្បាប់ស្តីពីច្បាប់វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថជាធរមាន។
ក្នុងករណីបងប្អូនត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាងនៃក្រសួងសុខាភិបាល ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី



