ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្ដីពីការហាមឃាត់ការចកចាយ ឬលក់ឱសថ BIO-LINGZHI គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាលសូមជម្រាបជូនដល់សាធារណជនទាំងអស់ ឲ្យបានជ្រាបថា៖ យោង តាមការពិនិត្យឃើញលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) មានគណនីឈ្មោះ តំណាងចែក ចាយ-លីងជឺការពារតំរងនោម ដែលបានកំពុងផ្សព្វផ្សាយលក់ឱសថឈោ្មះ BIO-LINGZHI គ្មានលេខបញ្ជិកា និងគ្មានច្បាប់អនុញ្ញាត ឲ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ។
អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការ គ្រប់គ្រងឱសថតម្រូវឱ្យរាល់ការចរាចរឱសថ ឬផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬ ព្យាបាលជំងឺគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខទិដ្ឋាការ ឬបញ្ជិកា ពីក្រសួងសុខាភិបាល ហើយរាល់ការផ្សព្វផ្សាយ ផលិតផលទាំងនេះត្រូវមានការអនុញ្ញាត ពីក្រសួងសុខាភិបាល។

ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាល សូមជូនព័ត៌មាន ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ ផលិតផលឱសថ គ្មានលេខទិដ្ឋាការ ឬបញ្ជិកា ពីក្រសួងសុខាភិបាលខាងលើជាបន្តទៀត ព្រោះផលិតផលនេះគ្មានប្រភពច្បាស់លាស់ ដែលមិនអាចធានាបាននូវគុណភាព និងសុវត្តិភាពបានឡើយ។
ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីហ្វេសប៊ុកខាងលើ និងជនពាក់ព័ន្ឋដទៃទៀតដែលបាន និងកំពុងផ្សព្វផ្សាយលក់ឱសថ BIO-LINGZHI ទៅតាមច្បាប់ស្តីពីច្បាប់វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។
ក្នុងករណីបងប្អូនត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាងនៃក្រសួងសុខាភិបាល ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី


