ភ្នំពេញ ៖ ជនរងគ្រោះ៣នាក់ ដែលត្រូវជនសង្ស័យឆ.ក់កាបូប បានសម្រេច៣ទីតាំងផ្សេងគ្នា ដែលស្ថិតនៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ហេតុការណ៍ឆ.ក់កាបូបបានសម្រេច៣ លើកក្នុងថ្ងៃតែមួយ កើតហេតុកាលពីវេលាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ ដែលជនរងគ្រោះទី១ ឆក់នៅទីតាំងម្តុំផ្សារទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជនរងគ្រោះទី២ ឆ.ក់នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចំណែកជនរងគ្រោះទី៣ ឆក់នៅតាមបណ្ដោយផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះទី១ មានឈ្មោះ ហ៊ិន ថារី អាយុ៣២ ឆ្នាំស្នាក់នៅម្ដុំផ្សារទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ មុនពេលកើតហេតុជនរងគ្រោះ បានទៅផ្សារដើម្បីទិញម្ហូប ស្រាប់តែលេចមុខជនសង្ស័យ ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក និងផ្លាកលេខ បានធ្វើសកម្មភាពឆ.ក់កាបូបបានសម្រេច ក្នុងនោះមានលុយចំនួនជិត ២០ ម៉ឺនរៀល និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងឯកសារពាក់ព័ន្ធផ្សេងៗទៀត បានសម្រេចតែម្តង។
ជនរងគ្រោះទី ២ មានឈ្មោះសេង ហុកម៉េង អាយុ ៤២ឆ្នាំ មុខរបរលក់ដូរ។ តាមព័ត៌មានគឺជនរងគ្រោះ បានឌុបកូនទៅសាលានឹងឆ្លៀតទៅទិញឥវ៉ាន់ នៅផ្សារផង ស្រាប់តែលេចមុខជនសង្ស័យម្នាក់ បានធ្វើសកម្មភាពឆ.ក់កាបូប បានសម្រេច ក្នុងនោះមានលុយ១លានរៀល និងទូរស័ព្ទ អត្តសញ្ញាណប័ណ្ណ ឯកសារផ្សេងៗផងដែរ។

ចំណែកជនរងគ្រោះទី ៣ មានឈ្មោះ គុន សភ័ណ្ឌណារី អាយុ៣៨ឆ្នាំ ដែលទីតាំងកន្លែងកើតហេតុ គឺស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ ដែលជនសង្ស័យឆ.ក់បានសម្រេច មានទូរស័ព្ទចំនួន៤ គ្រឿង គ្រឿងអលង្ការ និងឯកសារពាក់ព័ន្ធផ្សេងៗទៀតផងដែរ។
ក្រោយពេលកើតហេតុ ជនរងគ្រោះទាំង៣នាក់ បានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលចោមចៅទី ១ និងចោមចៅទី ២ ដើម្បីស្វែងរកចាប់ឃាត់ខ្លួន ក្រុមចោរឆ.ក់ទាំងនោះ យកមកផ្ដន្ទាទោស តាមច្បាប់ នៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សួង សាម







