ភ្នំពេញ ៖ លោកនាយឧត្ដមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ ចុះស្រាវជ្រាវករណី និងតាមចាប់បុរសម្នាក់ជាម្ចាស់ខុនដូដែលយកកាំភ្លើងខ្លីវាយក្បាលកម្មកររើសអេតចាយ ។
ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃទី ២៤ មេសា ឆ្នាំ ២០១៨ វេលាម៉ោងជាង ១១ ថ្ងៃត្រង់ នៅក្បែខុនដូររបស់ជនបង្ករស្ថិតនៅផ្លូវលេខ ៣៦៨ សង្កាត់ បឹងកេងកង ៣ ខណ្ឌ ចំការមន រាជធានី ។
បើតាមសាក្សីនៅជិតកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ បុរសជាម្ចាស់ខុនដូរ និង ជាម្ចាស់រថយន្តស្ព័រ Chevrolet Camaro ពាក់ស្លាកលេខ 2AP-8989 ភ្នំពេញ បានបើករថយន្តដោយរោទិ៍សំឡេងឮខ្លាំងៗ ។ ពេលនោះកម្មកររើសអេតចាយនៅក្បែនោះ ក៏ក្រឡេកមើល។ ពេលឃើញកម្មករមើលមុខម្ចាស់រថយន្ត បានបើកត្រឡប់រថយន្តមកវិញហើយចុះពីលើរថយន្តដោយមានកាន់កាំភ្លើងខ្លី នៅនឹងដៃវាយកម្មករបែកក្បាលតែម្ដង ។
កម្មកររងគ្រោះមានឈ្មោះ សាំង តុលា អាយុ ២១ ឆ្នាំ រងរបួសបែកក្បាលដេរច្រើនថ្នេរ ។ ចំណែកជនបង្កត្រូវបានសមត្ថកិច្ចមូលដ្ឋានប្រាប់ថា ឈ្មោះ ប៉ិច តុងហេង ជាម្ចាស់ខុនដូ និង ជាម្ចាស់រថយន្តស្ព័រ មានទីលំនៅផ្ទះលេខ ៥៨ ផ្លូវ ៣៦៨ ភូមិ ៣៨ សង្កាត់ បឹងកេងកង៣ ខណ្ឌ ចំការមន ។
ជនរងគ្រោះបានដាក់ពាក្យបណ្ដឹងនៅនគរបាលមូលដ្ឋានដោយទាមទារសំណង ១០.០០០ ដុល្លារ និង សំណូមពរឲ្យសមត្ថកិច្ចចាត់ការជនល្មើសតាមច្បាប់ ។ លោកនាយប៉ុស្តិ៍បឹងកេងកង៣ បានឲ្យដឹងថា លោកបានទទួលពាក្យបណ្ដឹងជនរងគ្រោះរួចហើយ ហើយបានកោះហៅជនបង្កឈ្មោះ ប៉ិច តុងហេង ឲ្យចូលខ្លួនមកបំភ្លឺនៅម៉ោង ២ រសៀលថ្ងៃដដែល៕ ដោយ ៖ បញ្ញាស័ក្តិ