ភ្នំពេញា៖ ប្រជាពលរដ្ឋនៅខណ្ឌឫស្សីកែវ បានស្នើដល់អាជ្ញាធរខណ្ឌ និងអាជ្ញាធរាជធានី ពីភាពអសកម្មជាច្រើន ដើម្បីជំរុញឲ្យជួយដោះស្រាយ លើបញ្ហា សន្តិសុខ បញ្ហាការផ្តល់សេវាសាធារណៈ និងបញ្ហាទឹកលិច រថយន្តដឹករបស់ឧកញ៉ាធ្វើឲ្យផ្លូវខូច ជាពិសេសបញ្ហាគ្រឿងញៀនដែលកំពុងចែកចាយយ៉ាងខ្លាំង ដែលពួកគ្រឿងញៀនបានឈរលក់ដូចស្ករគ្រាប់។
លោកម៉ប់ សារិនប្រធាន ក្រុមប្រឹក្សារាជធានីភ្នំពេញ ដែលជាអធិបតី ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៣១ខែតុលាឆ្នាំ២០១៧ បានមានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ធ្វើឡើងបាន១ឆ្នាំម្តងប៉ុណ្ណោះ តែនៅថ្នាក់សង្កាត់ និងខណ្ឌ តែធ្វើជាប្រចាំ ដោយចាប់ផ្តើមតាំង២០១២មកម្ល៉េះ ក្រោយពីបញ្ចប់វេទិកាពិគ្រោះយោបល់ គឺយើងបូកសរុបបញ្ហា ដែលប្រជាពលរដ្ឋស្នើឡើង និងការចង់បានរបស់ប្រជាពលរដ្ឋ ហើយដាក់ចូលក្នុងគម្រោងអភិវឌ្ឍន៍ ដើម្បីបំពេញការចង់បានរបស់ពួកគាត់។
លោកម៉ប់ សារិន ក្នុងឱកាសនោះ ក៏បានស្នើសុំឲ្យប្រជាពលរដ្ឋចូលរួមចំណែក ដោយមិនមែនសំខាន់លើថវិកា៣០ ឬ៧០ភាគរយទេ គឺការចូលរួមការសម្របស្រួល ការយោគយល់ និងការចូលរួមជាកម្លាំង ជាដើម ដើម្បីអភិវឌ្ឍន៍ភូមិសង្កាត់របស់យើង ។
លោកម៉ប់ សារិន ក៏បានលើកពីការកោតសរសើរ ចំពោះកម្លាំងមានសមត្ថកិច្ចប៉ូលីសខណ្ឌ ដែលបានបង្ក្រាបបទល្មើសជាប្រចាំ ពិសេសលើការបង្ក្រាបគ្រឿងញៀន ដែលនេះបង្ហាញពីការចូករួមអនុវត្តគោលនយោបាយភូមិសង្កាត់បានល្អ។
ក្នុងវេទិការសាធារណៈនោះ ប្រជាពលរដ្ឋ បានលើកឡើង ជាច្រើនបញ្ហា ក្នុងនោះ រួមមានបញ្ហាឡានដឹកដីនៅលើផ្លូវ១៨០០ បើខូចជួយជួសជុលឡើងវិញ។ បញ្ហា ការផ្ទេរកម្មសិទ្ធិផ្ទះសំបែង ដោយពិបាកលក់ដូរ ។
ប្រជាពលរដ្ឋសំណូមពរឲ្យបំបាត់គ្រឿងញៀន នៅសង្កាត់ទួលសង្កែ២ ដោយពួកគេជួញដូរ និងជក់ម៉ា យ៉ាងអាណាធិបតេយ្យ នៅលើផ្លូវរថភ្លើង ទោះបីជាមានការបង្ក្រាបកាន់តែខ្លាំង គឺការចរាចរចែកចាយគ្រឿងញៀនកាន់តែច្រើន ហើយជាពិសេសទៀតនោះក្រុមអ្នកប្រើប្រាស់គ្រឿងញៀន ជាច្រើននាក់ បានប្រើគ្រឿងញៀនរហូតដល់ឆ្កួតលីលាលែងដឹងអ្វីទាំងអស់ បានដើរអុកឡុកប្រជាពលរដ្ឋស្លូតត្រង់ ឆក់ លួចប្លន់ បង្កឲ្យកើតមានបញ្ហាអសន្តិសុខ និងការបើកល្បែងហ្គេមបាញ់ត្រី លេងយ៉ាងគគ្រឹកគ្រេងនៅទីនោះផងដែរ។ ប្រជាពលរដ្ឋ មកពីភូមិឡកំបោ សង្កាត់ស្វាយប៉ាក បានស្នើឲ្យចៅសង្កាត់ស្វាយប៉ាក កុំនៅក្នុងទីស្នាក់ការពេក ចេញមកមើលផ្លូវខូច លូខូចនៅក្នុងមូលដ្ឋានរបស់ខ្លួនផង។ ប្រជាពលរដ្ឋ នៅសង្កាត់ទួលសង្កែ២ សុំជួយពន្លឿនធ្វើប្លង់កម្មសិទ្ធិ ក្រោយដាក់ទៅក្រុងយូហើយ និងជំរុញការធ្វើសៀវភៅស្នាក់ថ្មីឡើងវិញ។ ប្រជាពលរដ្ឋ មកពីសង្កាត់ទួលសង្កែ១ បានលើកឡើងពីបញ្ហាទឹកលិច ហើយចៅសង្កាត់កូតាគណបក្សសង្គ្រោះជាតិ ដែលទើបជាប់ឆ្នោតថ្មី មិនដែលចេញពីប៊ុយរ៉ូនោះទេ គឺនៅអង្គុយក្នុងបន្ទប់យ៉ាងឡូយ មិនដែលចេញមកមើលទុកកង្វល់របស់ប្រជាពលរដ្ឋដែលរងនូវការទឹកជន់លិចលង់ គឺមានតែចៅសង្កាត់រង ដែលបានដឹងសុខទុករបស់ប្រជាពលរដ្ឋ ចេះជួយយកអាសាក្នុងពេលដែលពលរដ្ឋកំពុងមានទុក។
លោកនួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ក្នុងឱកាសនោះ បានលើកឡើងពីបញ្ហាមួយចំនួន ដែលប្រជាពលរដ្ឋដែលលើកឡើង ដូច្នេះក្នុងនាមអាជ្ញាធរ និងកម្លាំង មានសមត្ថកិច្ច ត្រូវដោះស្រាយភ្លាមៗ បើអាចដោះស្រាយបាន រួមទាំងបញ្ហាសន្តិសុខ បញ្ហាគ្រឿងញៀន និងបញ្ហាអភិវឌ្ឍន៍ ។ តែបើថា្នក់ខណ្ឌសង្កាត់ ដោះស្រាយមិនចេញទេ ត្រូវរាយការណ៍មកថ្នាក់រាជធានី ដើម្បីបន្តដោះស្រាយជូនប្រជាពលរដ្ឋ។ លោក អភិបាលរងបានបញ្ជាក់ថា គ្រប់វេទិកាសាធារណៈ ប្រជាពលរដ្ឋតែងលើកឡើងមិនដាច់ពីបញ្ហា ការផ្តល់សៀវភៅស្នាក់នៅ មានភាពយឺតយ៉ាវ ដូច្នេះលោកបានជំរុញឲ្យប៉ូលីសពាក់ព័ន្ធដោះស្រាយ រឿងភាពយឺតយ៉ាវ នៃការផ្តល់សៀវភៅស្នាក់នៅឲ្យបានលឿន ហើយបើធ្វើមិនបាន ធ្វើមិនកើត ប្រាប់និងពន្យល់ប្រជាពលរដ្ឋ ឲ្យពួកគាត់បានយល់ផង។ ដោយឡែកប្រជាពលរដ្ឋវិញ ក៏ដូច្នោះដែរ បើរាយការណ៍ម្តងសមត្ថកិច្ច មិនមកដោះស្រាយ ឬអន្តរាគមន៍ជូនទេ សូមរាយការណ៍ទៅម្តងជា២ដងទៅ ហើយបើមិនឆ្លើយតបទៀត ប្រជាពលរដ្ឋអាចបន្តមករាជធានី នោះថ្នាក់រាជធានីនឹងចាត់ចែងជូន៕ ដោយ៖កូឡាប