ទីភ្នាក់ងារសារព័ត៌មាន KCNA របស់កូរ៉េខាងជើងនៅថ្ងៃទី ២៧ មេសានេះឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើងជើង គីម ជុងអ៊ុន បានចាកចេញពីរដ្ឋធានីព្យុងយ៉ាងនៅព្រឹកព្រលឹមថ្ងៃនេះ ទៅកាន់ភូមិផ្អាកសង្គ្រាម Panmunjom នាតំបន់ព្រំដែនកូរ៉េទាំងពីរ ដើម្បីចូលរួមជំនួបកំពូលជាមួយប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in ។
នេះគឺជាជំនួបកំពូលលើកទី ៣ គិតចាប់តាំងពីពេលដែលសង្គ្រាមនៅឧបទ្វីបកូរ៉េបានបញ្ចប់កាលពី ៦៥ឆ្នាំមុន ប៉ុន្តែវាជាជំនួបកំពូលលើកដំបូងដែលបានរៀបចំនៅខាងដែនដីកូរ៉េខាងត្បូង ។
ជំនួបកំពូលពីរលើកមុននោះប្រព្រឹត្តទៅនៅឆ្នាំ ២០០០ និង ២០០៧ ហើយសុទ្ធសឹងតែងបានរៀបចំនៅរដ្ឋធានីព្យុងយ៉ាងរបស់កូរ៉េខាងជើង ។
គួរកត់សម្គាល់ថា នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៃជំនួបកំពូលរវាងកូរ៉េទាំងពីរដែលគេបានអនុញ្ញាតឲ្យកាសែតបរទេសមានវត្តមាននៅកន្លែងប្រព្រឹត្តទៅនៃសន្និសីទកំពូលដើម្បីផ្សព្វផ្សាយព័ត៌មាន ៕ សូយន