បន្ទាយមានជ័យ ៖ រថយន្តហ៊ីយ៉ាន់ដាយ១គ្រឿង ដឹកស្រូវលើសចំណុះបណ្តាលឲ្យផ្ទុះកង់ក្រោយផ្នែកខាងឆ្វេង ហើយឈប់ចតនៅលើទ្រូងផ្លូវគន្លងម៉ូតូមិនដាក់ភ្លើងសញ្ញាបំភ្លឺឲ្យគ្រប់គ្រាន់ ម៉ូតូបុ.កពីក្រោយបណ្តាលឲ្យស្លា.ប់ស្ត្រីអ្នកបើកបរម្នាក់ នៅវេលាម៉ោង ១០និង១០នាទីយប់ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងត្បូងស្ពានខ្ពស់ ប្រហែល៥០ម៉ែត្រ ស្ថិតក្នុងភូមិប្ញស្សីក្រោក ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

ប្រភពព័ត៌មានពីនរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អែម ម៉ារ៉ា ភេទស្រី អាយុ ៣៦ ឆ្នាំ រស់នៅភូមិឫស្សីក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បើកម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ ២០០៨ គ្មានផ្លាកលេខ មិនពាក់មួកសុវត្ថិភាព ស្លាប់នៅនឹងកន្លែងកើតហេតុ ។
ប្រភពដដែលបានបញ្ជាក់ថា មុនពេលកើតហេតុ មានរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ធន់ធំ ប្រភេទដឹកទំនិញ យីឌុប ពណ៌ក្រហម ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-3519 (ដឹកស្រូវ) បានធ្វើដំណើរលើផ្លូវជាតិលេខ៥ពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុខាងលើ បានផ្ទុះកង់ក្រោយផ្នែកខាងឆ្វេង ហើយឈប់ចតលើទ្រូងផ្លូវដែលជាគន្លងម៉ូតូ ដោយមិនបានដាក់ភ្លើងសញ្ញាគ្រប់គ្រាន់ ស្របពេលនោះដែរ មានម៉ូតូមួយគ្រឿង ម៉ាកហុងដា ឌ្រីមសេ១២៥ ពណ៌ខ្មៅបើកបរដោយជនរងគ្រោះក្នុងល្បឿនលឿនជាន់ហ្វ្រាំងមិនទាន់ បានបុ.កចំពីក្រោយពេញទំហឹង បណ្តាលឲ្យបោកក្បាលនឹងទ្រុងរថយន្តស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ អ្នកបើកបររថយន្តមិនត្រូវបានគេស្គាល់អត្តសញ្ញាណទេ ក្រោយពីកើតមានគ្រោះថ្នាក់ចរាចរណ៍បានរត់គេចខ្លួនបាត់ស្រមោល ។

ចំពោះវត្ថុតាងរថយន្តនិងម៉ូតូ ត្រូវបានកម្លាំងនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកមង្គលបូរី យកមករក្សាទុកនៅអធិការដ្ឋាន ដើម្បីស្រាវជ្រាវរកអ្នកបើកបររថយន្តចូលខ្លួនមកដោះស្រាយតាមនីតិវិធី ។ ចំណែកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី



