កំពត ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា ក្នុងការឆ្លើយតបទៅនឹង គោលនយោបាយ របស់រាជរដ្ឋាភិបាល ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានខិតខំស្វែង រកដៃគូអភិវឌ្ឍន៍ និងក្រុមហ៊ុនដែលមាន បច្ចេកវិទ្យាថ្មីមកសហការ ក្នុងការផលិតទឹកស្អាត ដើម្បីបំពេញតម្រូវការ នៃការប្រើប្រាស់ប្រជាពលរដ្ឋ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងពិធីពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ប្រព័ន្ធប្រព្រឹត្តកម្ម ទឹកស្អាតដោយ ប្រើ ប្រាស់ បច្ចេកវិទ្យាថ្មី UF-MEMBRANE នៅអង្គភាពរដ្ឋាករទឹកខេត្តកំពត ថ្ងៃអាទិត្យ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២២។
ប្រព័ន្ធប្រព្រឹត្តកម្ម ទឹកស្អាត ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មី UF-MEMBRANE សមត្ថភាព ៥ពាន់ម៉ែត្រគូប/ថ្ងៃ នៃអង្គភាពរដ្ឋាករទឹកខេត្តកំពត។

ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបើកដំណើរការប្រទេសឡើងវិញ លើគ្រប់វិស័យ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីស្ថានការណ៍នៃជំងឺឆ្លងសកលកូវីដ-១៩ មានសភាពធូរស្រាលជាងមុន និងស្ថិតក្រោមការគ្រប់គ្រងបាន។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានកត់សម្គាល់ឃើញ ការផលិតទឹកស្អាតដោយប្រើប្រព័ន្ធបច្ចេកវិទ្យានេះ គឺបានទឹកស្អាតដែលមាន គុណភាពខ្ពស់ និងដែល អាចពិសាបាន ដោយមានការគ្រប់គ្រងតាម ប្រព័ន្ធស្វ័យប្រវត្តិកម្ម ត្រួតពិនិត្យ ទៅលើគុណភាព ទឹកនៅពេលដែលបញ្ជូន ទឹកចេញទៅផ្គត់ផ្គង់ដល់ ប្រជាពលរដ្ឋ។ ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាតដែលដាក់ឱ្យដំណើរការនាពេលនេះ គឺជាសមិទ្ធផលថ្មីមួយទៀតដែលក្រសួង ក៏ដូចជាមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត បានខិតខំបង្កើតឡើងទៅតាមទិសដៅដែលបានដាក់ចេញតាំងពីមុនឆ្នាំ២០២១ ក្រោមគម្រោងកិច្ចសហប្រតិបត្តិការរវាងរដ្ឋនិងផ្នែកឯកជន។ ប៉ុន្តែ ដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩ បានធ្វើឱ្យពេលវេលានៃការអនុវត្តគម្រោងជួបឧបសគ្គនិងយឺតជាងការគ្រោងទុកបន្តិច។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានរំលឹកឡើងវិញនូវអនុសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសគាំទ្រឱ្យប្រើប្រាស់ពាក្យស្លោក «ទឹកស្អាតសម្រាប់ទាំងអស់គ្នា» កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ដោយក្នុងនោះ ប្រភពទឹកក៏នឹងត្រូវប្រើប្រាស់ “ជាប្រភពពហុបំណង” ផងដែរ។ ក្នុងន័យនេះ ការអភិវឌ្ឍវិស័យទឹកស្អាត គឺជាការចាំបាច់ដែលត្រូវមានការចូលរួមសហការអនុវត្តយ៉ាងសកម្មពីក្រសួង ស្ថាប័ន រដ្ឋបាលខេត្ត អង្គភាពជំនាញ អាជ្ញាធរ មូលដ្ឋាន និងប្រជាជនគ្រប់ជាន់ថ្នាក់ដែលមានការពាក់ព័ន្ធ ដើម្បីឆ្លើយតប ទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលកំណត់ថា៖ ពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុង ទីប្រជុំជនឱ្យបាន៩០% ដល់ឆ្នាំ២០២៣ និង ១០០% ត្រឹមឆ្នាំ២០២៥ សម្រាប់បម្រើតម្រូវការចាំបាច់របស់ប្រជាជន ក៏ដូចជាសម្រាប់ផលិតកម្ម និងសេវាកម្មនានា តាមរយៈការអភិវឌ្ឍពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ទាំងផ្នែកសាធារណៈ និងផ្នែកឯកជន ដោយឈរលើលក្ខខណ្ឌបួនយ៉ាងគឺ “ទឹកត្រូវមានគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ»។

ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិទាំងមូលមានសុខសន្តិភាពពេញលេញ និងកំពុងមានស្ថិរភាពល្អ។ ផ្តើមចេញពីស្ថានភាពនៃស្ថិរភាពសង្គមនិងនយោបាយនេះ បានផ្តល់ភាពអំណោយផល និងភាពអនុគ្រោះដល់ការអភិវឌ្ឍលើគ្រប់វិស័យ ដែលក្នុងនោះ រួមទាំងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងទឹកស្អាតផងដែរ។ វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាវិស័យដ៏សំខាន់មួយ ដែលបាននិងកំពុងរួមចំណែកដល់ការរក្សាកំណើន សេដ្ឋកិច្ចជាតិ បើទោះស្ថិតក្នុងស្ថានភាព នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ តែកម្ពុជាអាចនៅមានកំណើនក្នុងរង្វង់ប្រមាណជា ៣% ក្នុងដំណាក់កាលនេះ។

តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ តែងទទួលបានការគាំទ្រ និងការបង្កលក្ខណៈពីរាជរដ្ឋាភិបាល ដោយបានខិតខំជំរុញឱ្យមានការផ្តល់ទុនវិនិយោគ ជាច្រើន រយលានដុល្លារ សម្រាប់ការសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតបន្ថែម នៅតាមបណ្តាទីរួមខេត្ត និងទីប្រជុំជនផ្សេងទៀត នៅទូទាំងប្រទេស តាមរយៈហិរញ្ញប្បទានពីដៃគូ អភិវឌ្ឍន៍ ពីថវិកាជាតិ និងការចូលរួមចំណែកពីផ្នែកឯកជន, ធ្វើឱ្យវិស័យទឹកស្អាតមានការអភិវឌ្ឍ យ៉ាងធំធេង ចាប់តាំងពីស្ទើរតែគ្មានអ្វីនោះ មកជាការផ្គត់ផ្គង់មួយដល់ចំនួនរយលានម៉ែត្រគូប និងគ្របដណ្តប់នៅគ្រប់ទីប្រជុំជនជិតឆ្ងាយ រួមទាំងតំបន់ជនបទមួយចំនួនទៀត។ ការផ្គត់ផ្គង់ទឹកស្អាតទូទាំងប្រទេស បានកើនឡើងគួរឱ្យកត់សម្គាល់ ដែលគិតត្រឹមឆ្នាំ២០២១ ចំនួនគ្រួសារដែលទទួល បានទឹកស្អាតប្រើប្រាស់មានប្រមាណជាង ១.០៩១.៨៦៩ គ្រួសារ គឺកើនឡើង ១១,៨% ធៀបនឹងឆ្នាំ២០២០ ដែលមានប្រមាណតែ ៩៧៦.៦២១ គ្រួសារ ជាមួយបរិមាណផ្គត់ផ្គង់ទឹកស្អាតចំនួន ៣៨៣.១៣៤.២៤៣ ម៉ែត្រគូប គឺមានការកើនឡើងចំនួន ៥.០៧៨.៣០៣ម៉ែត្រគូប បើធៀបនឹងឆ្នាំ២០២០។
ក្នុងការឆ្លើយតបទៅនឹង គោលនយោបាយ របស់រាជរដ្ឋាភិបាល ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានខិតខំស្វែង រកដៃគូអភិវឌ្ឍន៍ និងក្រុមហ៊ុនដែលមាន បច្ចេកវិទ្យា ថ្មីមកសហការ ក្នុងការផលិតទឹកស្អាត ដើម្បីបំពេញតម្រូវការ នៃការប្រើប្រាស់ប្រជាពលរដ្ឋ។

ជាក់ស្តែង ក្រសួង បានសហការជាមួយ ក្រុមហ៊ុន XIN HOUR LONG WATER INDUSTRY (CAMBODIA) CO., LTD និង MICRO PURIFICATION SCIENCE & TECHNOLOGY (CAMBODIA) CO.,LTD ធ្វើការដំឡើងនូវប្រព័ន្ធប្រព្រឹត្តកម្ម ទឹកស្អាត ដោយប្រើប្រាស់ប្រព័ន្ធ បច្ចេក វិទ្យាទំនើប UF-MEMBRANE ដែលមានសមត្ថភាពផលិត ៥.០០០ម៉ែត្រគូប/ថ្ងៃ បន្ថែមលើអាងប្រព្រឹត្តកម្មមានស្រាប់ ក្នុង សមត្ថភាពផលិត ១៣.៥០០ម៉ែត្រគូប/ថ្ងៃ ដែលធ្វើឱ្យអង្គភាពរដ្ឋាករទឹកខេត្តកំពតមាន លទ្ធភាពបង្កើនសមត្ថភាព ផលិតរហូតដល់ ១៨.៥០០ម៉ែត្រគូប/ថ្ងៃ សម្រាប់ផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់ប្រមាណ ១៣.៥៧៥គ្រួសារ ស្មើនឹងប្រមាណ៨២,៣៦% នៃតំបន់សេវាកម្មរបស់ខ្លួនក្នុងក្រុងកំពត (៥សង្កាត់), ក្រុងបូកគោ (១សង្កាត់) និងមួយផ្នែកទៀតនៃស្រុកទឹកឈូ (៦ឃុំ)។ ដោយសារមានប្រព័ន្ធថ្មីនេះ ទើបជួយបង្កើនសមត្ថភាពអង្គភាពរដ្ឋាករទឹកខេត្តកំពតបានមួយកម្រិតថែមទៀត ដែលបានជួយសម្រាលមួយផ្នែកនៃបញ្ហាកង្វះទឹកស្អាត ជាពិសេសនៅរដូវប្រាំង។
បន្ថែមពីនេះទៀត អង្គភាពរដ្ឋាករទឹកខេត្តកំពតនឹងធ្វើការលក់ទឹកដុំជូនដល់ Kampot Port សម្រាប់ធ្វើការផ្គត់ផ្គង់ក្នុងឃុំកោះតូច តំបន់ជិតៗនេះផងដែរ។ ក្រៅពីនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏មានផែនការបន្តការសហការជាមួយក្រុមហ៊ុន ក្នុងការពង្រីកវិសាលភាពផ្គត់ផ្គង់ទឹកស្អាត ដើម្បីសម្រេចបាននូវគោលដៅឆ្នាំ២០២៥ ខាងមុខនេះ ដោយបាននិងកំពុងពិចារណា បង្កើតប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាតថ្មីបន្ថែមទៀត ស្របគ្នានឹងគម្រោងសាងសង់ទំនប់បង្ហៀរទឹកនៅព្រែកទឹកឈូ ដែលជាជំនួយរបស់ក្រុមហ៊ុន SINOHYDRO KAMCHAY HYDROELECTIC PROJECT CO., Ltd. និងការជួយសម្របសម្រួលពីក្រសួងបរិស្ថានលើបញ្ហាទីតាំងដីសម្រាប់សាងសង់។

ពាក់ព័ន្ធនឹងការផលិតទឹកស្អាត, ក្រសួង ក៏ដូចជាមន្ទីរ បានយកចិត្តទុកដាក់ផ្តល់នូវសេវាកម្មទឹកស្អាត ប្រកបដោយទំនុកចិត្ត ជូនបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តកំពត និងសម្រាប់ផ្គត់ផ្គង់ដល់រោងចក្រ សហគ្រាសធំៗ ទាំងក្នុងក្រុង និងតាមស្រុកនានា ដោយប្រកាន់ខ្ជាប់នូវ គោលការណ៍ជាចម្បងគឺទឹកប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ។ ជាមួយគ្នានេះដែរ ខ្ញុំសូមស្នើឱ្យអាជ្ញាធរ ខេត្ត សហការគាំទ្រនិងបង្កលក្ខណៈដល់គម្រោងអភិវឌ្ឍន៍ទឹកស្អាតនានានៅក្នុងខេត្តឱ្យដំណើរការទៅបានរលូនល្អ ព្រោះថាបញ្ហាទឹកស្អាតគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋយើងនៅក្នុងខេត្ត ហើយក៏សូមយកចិត្តទុកដាក់ចូលរួមការថែរក្សាប្រភពទឹក ទាំងបរិមាណ និងគុណភាព ដើម្បីធានាបាននូវនិរន្តរភាពក្នុងការផលិតនិងផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី



