ខេត្តសៀមរាប៖ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានអញ្ជើញចូលរួមបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២១-២០២២ ដើម្បីជានិមិត្តរូបនៅវិទ្យាល័យហ៊ុនសែនប្រាសាទបាគង នាព្រឹកថ្ងៃទី១០ មករា ២០២២ ។
ក្រោមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅទូទាំងប្រទេសសគ្រប់គ្រឹះស្ថានសិក្សាសាធារណៈទាំងអស់ បានរៀបចំអបអរសាទពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២១-២០២២ ក្នុងមនោសញ្ចេតនា រីករាយកក់ក្ដៅ និងមោទនភាពបំផុត ។

ជាមួយគ្នានេះដែរ នៅវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង មានសិស្សានុសិស្សជួបជុំប្រារព្ធពិធី បើកបវេសនកាលឆ្នាំសិក្សាថ្មីរបស់ខ្លួន ប្រកបដោយទឹកមុខញញឹម និងសង្ឃឹមក្នុងថ្ងៃថ្មីរបស់ខ្លួន ដែលប្រព្រឹត្តទៅ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
ការអប់រំប្រកបដោយចីរភាព ពិតជាមានសារៈសំខាន់ ដើម្បីធានាការផ្ដល់សេវាអប់រំ ប្រកបដោយគុណភាព និងបរិយាប័ន្ន ដែលផ្ដល់ឱកាសស្មើៗគ្នា ដល់កុមារ និងយុវជនកម្ពុជាទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធនៅទូទាំងប្រទេស ។ ឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានថ្លែងបែបនេះ នៅកាន់សិស្សក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី នៅវិទ្យាល័យហ៊ុន សែន ប្រាសាទបាគង។

ឯកឧត្ដមបណ្ឌិតសភាចារ្យ បានបន្ថែមទៀតថា ពេលនេះរាជរដ្ឋាភិបាល បាននឹងកំពុងខិតខំប្រឹងប្រែង ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចបន្តទៀត និងបានចាត់ទុកការអភិវឌ្ឍធនធានមនុស្ស គឺជាអាទិភាពទី១ រួមជាមួយនឹងការប្ដេជ្ញាឱ្យបាននូវមុំទី១ គឺ ការពង្រឹងគុណភាពអប់រំវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា តាមរយៈការទាញយកផលប្រយោជន៍ ពីការអនុវត្តភាពនៅក្នុងតំបន់ និងអន្តរជាតិ ដើម្បីធានាបានកំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយចីរភាព៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី





