ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា សហការជាមួយរដ្ឋាភិបាលសហភាពមីយ៉ាន់ម៉ា បន្តរួមគ្នាផ្សព្វផ្សាយ ពីសក្តានុពលទេសចរណ៍ តំបន់ប្រវត្តិសាស្ត្រទាំងពីរ(រាជធានីបុរាណអង្គរ-បាហ្គាន) ដើម្បីឲ្យប្រជាជនទាំងពីរ បានស្គាល់ពីតំបន់ទេសចរណ៍ និងប្រាង្គប្រាសាទនានា ពីគ្នាវិញទៅមក និងបន្តផ្សព្វផ្សាយ ហួសទៅកាន់ទីផ្សារទេសចរណ៍ប្រទេសទីបី។
នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨នេះ ក្រុមការងារតំណាងក្រសួងទេសចរណ៍នៃប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា បានបន្តជួបពិភាក្សាការងារជាមួយគ្នាជាលើកទី២ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ក្រោមវត្តមានលោក ហោ មុនីរ័ត្ន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា ដើម្បីជំរុញការអនុវត្តផែនការសកម្មភាពស្ដីពី កិច្ចសហប្រតិបត្តិការទេសចរណ៍ ឆ្នាំ២០១៧-២០២០ ដែលធ្លាប់បានចុះហត្ថលេខាជាមួយគ្នា កាលពីអំឡុងពេលជួបគ្នាលើកទី១ នៅខេត្តសៀមរាប។
លោក ហោ មុនីរ័ត្ន បានឲ្យដឹងថា កិច្ចប្រជុំការងាររួមគ្នាកម្ពុជា-មីយ៉ាន់ម៉ានេះ គឺជាសូចនាករដ៏សំខាន់មួយ ដែលបានបង្ហាញពីស្មារតី នៃកិច្ចសហប្រតិបត្តិការ ប្រកបដោយមិត្តភាព ក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ ឲ្យកាន់តែរីកចម្រើនឡើង និងផ្ដល់នូវប្រយោជន៍ដល់ប្រទេសទាំងពីរ កម្ពុជា-មីយ៉ាន់ម៉ា។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ក៏បានជួបពិភាក្សាការងារជាមួយលោក យូ អូញមួង រដ្ឋមន្ត្រីក្រសួងសណ្ឋាគារ និងទេសចរណ៍មីយ៉ាន់ម៉ា នៅខេត្តសៀមរាបហើយក៏មានការចុះហត្ថលេខាជាមួយគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការនានាលើវិស័យទេសចរណ៍ កម្ពុជា-មីយ៉ាន់ម៉ា ទៀតផង។
សកលលោកទាំងមូលពិតជាបានដឹងច្បាស់ហើយថា កម្ពុជាធ្លាប់មានអារ្យធម៌ដ៏រុងរឿងខ្លាំងក្លាពីសម័យមហានគរ ដែលមានរាជធានីដ៏ធំមួយនៅតំបន់អង្គរ ខេត្តសៀមរាប។ ចំណែកមីយ៉ាន់ម៉ា ជាប្រទេសធ្លាប់អារ្យធម៌រុងរឿងពីបុរាណ គឺចក្រភពបាហ្គាន ដែលមានរាជធានីនៅតំបន់បាហ្គានបច្ចុប្បន្ន ហើយសព្វថ្ងៃនេះ រាជធានីបុរាណទាំងពីរនេះ គឺជាតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រដ៏ទាក់ទាំញបំផុត៕ ដោយ៖បញ្ញាស័ក្តិ