និយាយដល់ឈ្មោះ ឧកញ៉ា ម៉ុង ឫទ្ធី នោះច្បាស់ណាស់ ពុកម៉ែបងប្អូនប្រជាពលរដ្ឋ បានស្គាល់រួចហើយ។ ហើយជាការពិតណាស់ ទន្ទឹមនឹងមានឈ្មោះជាសេដ្ឋី មានលុយហូរហៀរយ៉ាងណាក៏ដោយ ក៏គេសង្កេតឃើញលោកហាក់ពុំសម្ញែងអួតអាងពីភាពមានបាន ឬភាពឡូយឆាយនោះឡើយ ពោលគឺលោកចូលចិត្តទម្លាប់ជីវិតរស់នៅយ៉ាងសាមញ្ញបំផុត ដែលធ្វើឲ្យមនុស្សគ្រប់គ្នាគោរពសរសើរជាខ្លាំង។
ដោយឡែក ថ្មីៗនេះ លោកឧកញ៉ា ម៉ុង ឫទ្ធី បានបង្ហោះរូបថតចាស់ និងថ្មីប៉ុន្មានសន្លឹក ជាពិសេសមួយប៉ុស្តិ៍ខណៈទៅចូលរួមពិធីមង្គលមួយ កាលពីល្ងាចថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ ឃើញថា បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង នៅពេលបានឃើញលោកស្លៀកពាក់ខុសគេ ក្នុងចំណោមអ្នករួមតុជាមួយ។
តែទោះយ៉ាងណា ជាមួយរូបភាពនេះ លោកបានភ្ជាប់សារបង្កប់នូវខ្លឹមសារអប់រំដ៏ចាក់ដោតថា៖ ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ១៩៩៣ ចុះមកពិនិត្យមេីលការរៀបចំផ្ទុក ជ័រកៅស៊ូបង្កកចូលនាវានៅចុងខាងជេីងផែថ្មភ្នំពេញ ដេីម្បីនាំចេញទៅកាន់ប្រទេសសឹង្ហបុរី បានឃេីញសកម្មភាពក្រុមវិស្វករ ដែលកំពុងតែនាំគ្នាមមាញឹក តភ្ជាប់ស្ពានជ្រោយចង្វាឡេីងវិញ ក្រោយពីត្រូវបានកាត់ផ្តាច់ដោយសារតែសង្រ្គាមឆ្នាំ៧០ មានឱកាសបន្តិចដោយសារតែទេីបនិងទិញរថយន្តBMW525 ថ្មីដំបូងគេពីម្តុំខាងជេីងអាងទឹកអូឡាំពិក កាលណោះអាយុទេីបតែ៣៩ឆ្នំារាងដូចជាសង្ហារបន្តិចដែ មានជញ្ជៀន នាឡិកាដៃ និងខ្សែក ហេីយទេីបតែចេះពាក់ស្បែកជើងឃ្លប់ដំបូងផង ដូចជានៅរាងភ្លេីតភ្លេីនចង់សំញ៉ែងគេឯងផង ក៏រកគេថតមួយប៉ុស្តិ៍រក្សាទុករហូតមកដល់ពេលនេះ២៩ឆ្នាំហេីយ មេីលឃេីញរូបនេះម្តងៗដូចជាខ្មាស់គេបន្តិចដែ តែជាបន្តបន្ទាប់ខ្ញុំបានលះបង់អស់ហេីយខ្សែក ជញ្ជៀន នាឡិកាដៃ នៅសល់តែឡានបេីមិនជិះទៅណាមកណាមិនរួចទេ ។
យប់មិញ 6pm09.01.22 ទៅចូលរួមក្នុងពិធីមង្គលការ របស់កូនលោកហេង វណ្ណដា នៅសណ្ឋាគារសូហ្វីតែល គេឃេីញខ្ញុំមានសម្លៀកបំពាក់មិនសមរម្យ ជិះរថយន្តពីរកឹបគេសួរខ្ញុំថាទេីបតែមកពីចំការឬ ដោយសារតែភាគច្រេីនគេស្លៀកពាក់អាវធំ ជិះរថយន្តសុតតែទំនេីបៗមកចូលរួម រថយន្តខ្ញុំសន្តិសុខដេញអោយទៅចតឆ្ងាយពីគេ សូមកូនចៅត្រូវចងចាំទុកក្នុងអារម្មណ៍ជានិច្ចថា គ្រឿងសម្ភារៈក្រៅខ្លួនទាំងអស់និងខ្លួនមិនមែនជារបស់យេីងទេ កិត្តិយសនិងសេចក្ដីថ្លៃថ្នូរទេីបវាជារបស់យេីងពិតប្រាកដណាកូនចៅ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង










