Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ​.​ជ​.​ប បង្ហាញ​បែបបទ សម្រាប់​គណបក្ស​នយោបាយ និង​ដាក់​បេក្ខជន​ឈរឈ្មោះ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦

ភ្នំពេញ ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១៨​នេះ បាន​ចេញ​សេចក្តីជូនដំណឹង ស្តីពី​អំពី​ការរៀបចំ​បែប​បទ សម្រាប់​ការចុះបញ្ជី​គណបក្សនយោបាយ ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើស តាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨​។​

​សេចក្តីជូនដំណឹង​នេះ​ធ្វើឡើង យោង​តាម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​និង​ច្បាប់​ស្តីពី​វិសោធនកម្ម​នៃ​ច្បាប់​នេះ និង​បទបញ្ជា​និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាង​រា​ស្ត្រី​នីតិកាល​ទី​៦​។​

​គ​.​ជ​.​ប បានឱ្យដឹងថា គណបក្សនយោបាយ​ដែល​បាន​ចុះបញ្ជី​ឈ្មោះ​ត្រឹមត្រូវ​តាម​លក្ខខណ្ឌ ដូច​មានចែង​ក្នុង​ច្បាប់​ស្តីពី​គណបក្សនយោបាយ នៅ​ក្រសួង​មហាផ្ទៃ​រួចហើយ នឹង​មាន​បំណង​សុំ​ចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ត្រូវ​រៀបចំ​បែបបទ និង​ពាក្យសុំ​មក គ​.​ជ​.​ប តាម​ទម្រង់​បែបបទ​លេខ ១០០៨ និង​ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​សំណុំ​ឯកសារ ដូច​មានចែង​ក្រោម​ចំណុច ៤.៧.៣ នៃ​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ (​ប​.​ន​.​ត​.​រ​) លើកលែង​តែ​ចំណុច ៤.៧.៣.១ និង ៤.៧.៣.៤ ដែល​តម្រូវ​ឱ្យ​គណបក្សនយោបាយ អនុវត្តន៍​តាម​ការកំណត់​ដូចខាងក្រោម​៖

១៖ អំពី​សេចក្តីចម្លង​លិខិតបញ្ជាក់​ការចុះបញ្ជី​គណបក្សនយោបាយ នៅ​ក្រសួង​មហាផ្ទៃ គណបក្សនយោបាយ ត្រូវដាក់​ភ្ជាប់​សេចក្តីចម្លង​លិខិតបញ្ជាក់​ការចុះបញ្ជី​គណបក្សនយោបាយ​នៅ​ក្រសួងមហាផ្ទៃ ដែល​មាន​បញ្ជាក់​នីត្យានុកូល​កម្ម ដោយ​អាជ្ញាធរ​ក្រុង​-​ស្រុក​-​ខណ្ឌ (​ការិយាល័យ​ច្រក​ចេញចូល​តែមួយ​)​។ ២៖ អំពី​បញ្ជី​បេក្ខជន​ពេញសិទ្ធិ​ចំនួន​យ៉ាង​តិច​មួយ​ភាគបី ១/៣ នៃ​ចំនួន​អាសនៈ​រដ្ឋសភា និង​បេក្ខជន​បម្រុង​ចំនួន​ស្មើ​គ្នា​នឹង​បេក្ខជន​ពេញសិទ្ធិ គណបក្សនយោបាយ ត្រូវ​រៀបចំ​បញ្ជី​បេក្ខជន​ឈរ​បោះឆ្នោត​សរុប​ទូទាំងប្រទេស ។ បញ្ជី​នេះ​ត្រូវ​មាន​បេក្ខជន​ពេញសិទ្ធិ​ចំនួន​យ៉ាងតិច មួយ​ភាគ​បី នៃ​ចំនួន​អាសនៈ ក្នុង​រដ្ឋសភា និង​បេក្ខជន​បម្រុង​ចំនួន​ស្នើ​គ្នា​នឹង​បេក្ខជន​ពេញសិទ្ធិ​។ ក្នុងន័យនេះ ត្រូវបាន​កំណត់​យក​បេក្ខជន​ពេញសិទ្ធិ​យ៉ាងតិច​៤២​រូប នៃ​ចំនួន​អាសនៈ​ក្នុង​រដ្ឋសភា និង​បេក្ខជន​បម្រុង​ចំនួន​ស្មើ​គ្នា​នឹង​បេក្ខជន​ពេញសិទ្ធិ​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

×