ដោយហេតុតែវាត្រូវបានគេផ្គូរផ្គងថា ឆ្ងាញ់និងប៉ូវដូចទឹកមាត់ត្រចៀកកាំនោះប្រភេទជ័រឈើអាថ៌កំបាំងម្យ៉ាងត្រូវបានហៅថា ត្រចៀកកាំព្រិល កំពុងត្រូវបានពួកអ្នកមានវៀតណាមដណ្តើមគ្នាទិញ ទោះបីវាមានតម្លៃដល់ទៅ ៥០០ដុល្លារ/១គីឡូក្រាម ក្តី ។
អ្នកនិយមបរិភោគជ័រឈើនេះ ឈ្មោះ Vu Thi Kim រស់នៅក្រុងហាណូយបាននិយាយថា វាមានលក្ខណៈជាគ្រាប់ពណ៌ស មើលទៅដូចជាស្ករដុំអីចឹង គេយកវាមកដាក់ត្រាំក្នុងទឹក ទុកមួយយប់វានឹងរីកយ៉ាងធំ ហើយគ្រាន់តែបន្ថែមស្ករបន្តិចនឹងក្លាយជាបង្អែមប៉ូវមួយយ៉ាងឆ្ងាញ់ពិសារ ។
រឿងដែលគួរឲ្យអស់សំណើចនោះគឺប្រភេទជ័រឈើ ពេលសួរថា ជ័រឈើនោះជាអ្វី ? អ្នកស្រី Kim គ្រវីក្បាល ព្រោះមិនដឹង រួចសារភាពបន្តថា អ្នកលក់គាត់និយាយថា វាជាជ័ររបស់ប្រភេទឈើមានឈ្មោះព្រិលត្រចៀកកាំ ។ ចំណែកដើមព្រិលត្រចៀកកាំនោះមានរាងរៅយ៉ាងខ្ញុំក៏មិនដឹងដែរ ប៉ុន្តែយកមកបរិភោគម្តង ឥឡូវមួយផ្ទះគាត់ពិតជានិយមចូលចិត្តវាណាស់ ។ សប្តាហ៍ណាក៏ទិញយកមកបរិភោគម្តងដែរ គាត់ប្រាប់ទៀតថា ជ័រឈើនេះត្រូវកុម្មង់ទិញ ២ថ្ងៃ ទើបបាន។
ប្រភេទជ័រដើមឈើហៅថា ព្រិលត្រចៀកកាំដ៏អាថ៌កំបាំងកំពុងត្រូវបានពួកអ្នកមានវៀតណាម ពពាក់ពពូនគ្នាកុម្មង់ទិញក្នុងតម្លៃ ៥០០ដុល្លារ/១គីឡូក្រាម ។
អ្នកនិយមជ័រឈើនេះម្នាក់ទៀតឈ្មោះ Nguyen Ngoc Duyen ក៏នៅហាណូយដែរនោះ បានប្រាប់ថា ៖ ខ្ញុំធ្លាប់ជជីកសួរអ្នកលក់គេប្រាប់ថា វាជាជ័រដើមព្រិលត្រចៀកកាំនៅប្រទេសចិន នៅវៀតណាមគ្មានទេ! ។
ចំណែកអ្នកលក់វិញអួតថា ៖ គាត់បានកុម្មង់វាយកមកលក់នៅទីក្រុងហូជីមិញ វាពិតជាឆ្ងាញ់ និងប៉ូវដល់សុខភាព ពិសេសចំពោះស្ត្រី និងកូនក្មេង ។ ទោះបីវាមានតម្លៃដល់ទៅជិត ៥០០ដុល្លារ/១គីឡូក្តី តែអ្នកកុម្មង់ទិញវាពិតជាមានច្រើនណាស់ ។ ថ្វីត្បិតខ្ញុំលក់នៅទីក្រុងហូជីមិញ ប៉ុន្តែអតិថិជនធ្លាប់ស្គាល់នៅក្រុងហាណូយបានទូរស័ព្ទមកកុម្មង់ទិញជាបន្តបន្ទាប់ ជាអាថ៌ម្សិលមិញនេះ ខ្ញុំទើបបញ្ជូនតាមយន្តហោះ ៥គីឡូក្រាម ទៅឲ្យម៉ូយ ។
មកទល់ពេលនេះ គេនៅពុំទាន់ឃើញអ្នកវិទ្យាសាស្ត្រ និងជំនាញការខាងចំណីអាហារវៀតណាម មានយោបល់អ្វីជុំវិញជ័រឈើអាថ៌កំបាំងដែលប៉ូវដូចទឹកមាត់ត្រចៀកកាំ ។ ប្រសិនបើមានប្រិយមិត្តណាស្គាល់សូមជូយប្រាប់ផងថា តើជ័រឈើនោះឈើអ្វី?