ភ្នំពេញ ៖ ឯកឧត្តម ប្រាក់ សុខុន បានសូមស្វាគមន៍ លោកជំទាវ អាម៉ានដា មៀលលីង អនុរដ្ឋមន្រ្ដីការបរទេសនៃចក្រភពអង់គ្លេស ទទួលបន្ទុកកិច្ចការអាស៊ី ដែលបានមកប្រទេសកម្ពុជា ដោយពិភាក្សាទ្វេភាគី យ៉ាងផុសផុល កម្ពុជា និងចក្រភពអង់គ្លេស មានទស្សនៈ និងចក្ខុវិស័យស្រដៀងគ្នាច្រើន សម្រាប់ការអភិវឌ្ឍ ហើយបានលើកឡើង ពីការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ការចាប់យកឱកាស ដើម្បីការស្តារឡើងវិញ ឱ្យកាន់តែប្រសើរ បញ្ហាមីយ៉ាន់ម៉ា និងការការពារសិទ្ធិមនុស្ស។

នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារ ជាមួយលោកជំទាវ Amanda Milling អនុរដ្ឋមន្រ្ដីការបរទេសនៃចក្រភពអង់គ្លេស ទទួលបន្ទុកកិច្ចការអាស៊ី ក្នុងអំឡុងពេលនៃទស្សនកិច្ច របស់លោកជំទាវ នៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ប្រាក់ សុខុន បានថ្លែងស្វាគមន៍ លោកជំទាវ អាម៉ានដា មៀលលីង អនុរដ្ឋមន្រ្ដីការបរទេសនៃចក្រភពអង់គ្លេស ទទួលបន្ទុកកិច្ចការអាស៊ី ដែលបានមកប្រទេសកម្ពុជា ។ ឯកឧត្តម ប្រាក់ សុខុន បានមានប្រសាសន៍ថា ដោយផ្អែកលើកិច្ចពិភាក្សាទ្វេភាគីយ៉ាងផុសផុល នៅព្រឹកនេះ កម្ពុជា និងចក្រភពអង់គ្លេសមានទស្សនៈ និងចក្ខុវិស័យស្រដៀងគ្នាច្រើន សម្រាប់ការអភិវឌ្ឍ។ យើងបានលើកឡើង ពីការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ការចាប់យកឱកាស ដើម្បីការស្តារឡើងវិញ ឱ្យកាន់តែប្រសើរ បញ្ហាមីយ៉ាន់ម៉ា និងការការពារសិទ្ធិមនុស្ស ។ល។

បើតាមឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ៖ “ខ្ញុំបានឆ្លៀតឱកាសនេះ ថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាល និងប្រជាជននៃចក្រភពអង់គ្លេស ដែលបានបង្ហាញទឹកចិត្តដ៏ថ្លៃថ្លា ចំពោះកម្ពុជា តាមរយៈជំនួយផ្សេងៗ ជាពិសេសការបរិច្ចាគវ៉ាក់សាំង។ អាស៊ានត្រៀមខ្លួន រួចជាស្រេច ដើម្បីបង្កើនភាពជិតស្និទ្ធ ជាមួយចក្រភពអង់គ្លេស ខណៈដែលទើបបានក្លាយជាដៃគូសន្ទនាថ្មីទី១១ របស់អាស៊ានកាលពីឆ្នាំមុន”៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី







