Monday, December 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿងក្លែងសារសំឡេងសម្តេចតេជោ ៖ លោកស្រី ឡាក់ សុភាព ដាក់ពាក្យប្តឹងលោក អ៊ុន ជឹម អនុប្រធានទី១ គណបក្សឯកភាពជាតិខ្មែរ ទៅអគ្គស្នងការនគរបាលជាតិ

ភ្នំពេញ ៖ លោកស្រី ឡាក់ សុភាព ប្រធានស្តីទីគណបក្សឯកភាពជាតិខ្មែរ បានដាក់ពាក្យបណ្តឹងប្តឹងលោក អ៊ុន ជឹម អនុប្រធានទី១ គណបក្សឯកភាពជាតិខ្មែរ ទៅឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ពីបទក្លែងសារសំឡេងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងបានចែកចាយដល់សមាជិកមូលដ្ឋាន និងនៅសហរដ្ឋអាមេរិក ដើម្បីវា.យប្រ.ហារមកលើលោកស្រី ដែលបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់លោកស្រី និងថ្នាក់ដឹកនាំយ៉ាងធ្ងន់ធ្ងរ។

ពាក្យបណ្តឹងនេះ បានដាក់ចូលដល់អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ នេះ។

នៅក្នុងសន្និសីទកាសែត កាលពីរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ លោកស្រី ឡាក់ សុភាព ប្រធានស្តីទីគណបក្សឯកភាពជាតិខ្មែរ បានថ្លែងថា នៅពេលដែលលោកអ៊ុន ជឹម មកពីសហរដ្ឋអាមេរិក មកធ្វើការនៅកម្ពុជា គឺមិនបានអនុវត្តតាមលក្ខន្តិកៈរបស់គណបក្សនោះទេ និងបានដឹកនាំការងារក្នុងបក្សបែបអាណាធិបតេយ្យ។ ហើយជាពិសេសបុគ្គលនេះ បានក្លែងសារសំឡេងសម្តេចតេជោ ហ៊ុន សែន ថែមទៀតផង ចែកចាយដល់សមាជិកមូលដ្ឋាន និងនៅសហរដ្ឋអាមេរិក ដើម្បីវា.យប្រ.ហារមកលើលោកស្រី។ ដែលការក្លែងសារសម្លេងនេះ បានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ថ្នាក់ដឹកនាំ និងកិត្តិយសរបស់លោកស្រី។

លោកស្រីបញ្ជាក់ថា “បុគ្គលនេះ (អ៊ុន ជឹម) ជាអតីតសមាជិកបក្សប្រឆាំង និងជាសមាជិកក្លឹបនៅអាមេរិក មានន័យថា ជាអ្នកបញ្ជូនសារ ឬក៏ស៊ើបការ ត្រង់នេះហើយដែលខ្ញុំបដិសេធចាប់ពីពេលធ្វើសន្និសីទមិនឲ្យ ជឹម អ៊ុន ដណ្តើមយកបក្សឯកភាពជាតិខ្មែរ ដោយបុគ្គលនេះ បង្កើតអប្បគមន៍នៅក្នុងបក្ស។ ហើយបុគ្គលនេះ បានផ្ញើសារមក គឺសុំឈប់សម្រាកពីការងារបក្សមួយរយៈ ប៉ុន្តែបុគ្គលនេះបានដើរធ្វើសកម្មភាពនៅគ្រប់ទៅកន្លែង នេះគឺជាការរំលោភបំពានលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងគណបក្ស”។

លោកស្រី ឡាក់ សុភាព បានអះអាងថា លោកស្រីនឹងដាក់ពាក្យបណ្តឹងប្តឹងលោកអ៊ុន ជឹម ទៅតុលាការនៅក្នុងពេលឆាប់ៗនេះ ពាក់ព័ន្ធករណីលោក អ៊ុន ជឹម ក្លែងសារសំឡេងសម្តេចតេជោ ហ៊ុន សែន និងសុំឲ្យតុលាការ ចាត់វិធានការលើបុគ្គលនេះតាមផ្លូវច្បាប់។ ពីព្រោះសារសំឡេងដែលលោកអ៊ុន ជឹម ចែកចាយទៅដល់សមាជិកនៅមូលដ្ឋាន គឺមិនមែនជាសំឡេងរបស់សម្តេចនោះទេ។

ជាមួយគ្នានេះ លោកស្រី ឡាក់ សុភាព បានអំពាវនាវទៅដល់សម្តេចយតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ជួយរកយុត្តិធម៌ឲ្យលោកស្រីផង។

ចំណែកលោកអ៊ុន ជឹម មិនអាចសុំការអត្ថាធិប្បាយបានទេ ទាក់ទងការលើកឡើងរបស់លោកស្រី ឡាក់ សុភាព ប្រធានទីស្តីគណបក្សឯកភាពជាតិខ្មែរ។

សូមជម្រាបថា តំណាងស្ថាបនិកគណបក្សឯកភាពជាតិខ្មែរ បានដាក់ពាក្យស្នើសុំបង្កើតគណបក្សទៅក្រសួងមហាផ្ទៃកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។ ហើយត្រូវបានក្រសួងមហាផ្ទៃអនុញ្ញាត ឲ្យបង្កើតនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០។ ហើយត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×