ភ្នំពេញ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការ បរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ បានជួបសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តមបណ្ឌិត ស៊ូប្រាម៉ានយ៉ាំ ចៃហ្សានកា រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋ ឥណ្ឌា ដើម្បីពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងឥណ្ឌា និងបញ្ហា តំបន់ដែលជាកង្វល់ និងផលប្រយោជន៍រួម។
រដ្ឋមន្ត្រីការបរទេសទាំងពីរ បានកត់សម្គាល់ដោយការពេញចិត្តចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ និងបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការធ្វើការឲ្យកាន់តែជិតស្និទ្ធសំដៅបន្តពង្រឹងទំនាក់ទំនង ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីឲ្យកាន់តែរឹងមាំ និងស៊ីជម្រៅ ដើម្បីផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ និងសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ ជាពិសេសនៅពេលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ។

ដើម្បី អបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥណ្ឌា នៅឆ្នាំ២០២២ នេះ រដ្ឋមន្ត្រីការបរទេសទាំងពីរបានឯកភាពធ្វើការ ផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក និងរួមគ្នារៀបចំព្រឹត្តិការណ៍ប្រកបដោយអត្ថន័យមួយចំនួន។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានមានប្រសាសន៍បន្ថែមថា ទស្សនកិច្ច របស់ឯកឧត្តមបណ្ឌិត ស៊ូប្រាម៉ានយ៉ាំ ចៃហ្សានកា នៅកម្ពុជា ពិតជាឱកាសដ៏ល្អមួយសម្រាប់ ឯកឧត្តម បណ្ឌិត ចូលរួមធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការចម្រុះកម្ពុជា-ឥណ្ឌា ដែលគ្រោងនឹងរៀបចំនៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា។
រដ្ឋមន្ត្រីការបរទេសទាំងពីរ បានសម្តែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ ក្នុង ក្របខ័ណ្ឌ ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា និងកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការរួមចំណែកយ៉ាងសកម្មរបស់ឥណ្ឌាដល់តំបន់មេគង្គ និងជំនួយដែលបានផ្ដល់ឱ្យ កម្ពុជាតាមរយៈគម្រោងទទួលផលឆាប់រហ័ស (Quick Impact Projects) ក្រោមគំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា លើ វិស័យកសិកម្ម បរិស្ថាន សុខាភិបាល អភិវឌ្ឍន៍ជនបទ អប់រំ និងវប្បធម៌។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្តមបណ្ឌិត ស៊ូប្រាម៉ានយ៉ាំ ចៃហ្សានកា បានផ្លាស់ប្តូរយោបល់គ្នា អំពី ការវិវឌ្ឍបច្ចុប្បន្ននៅមីយ៉ាន់ម៉ា និងមានទស្សនៈដូចគ្នាអំពីតួនាទីដ៏សំខាន់ របស់អាស៊ានក្នុងការជួយមីយ៉ាន់ម៉ា ស្វែងរកដំណោះស្រាយចំពោះវិបត្តិនេះដោយសន្តិវិធី តាមរយៈការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ប្រកបដោយប្រសិទិ្ធភាព។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូន ឯកឧត្តមរដ្ឋមន្រ្តីការបរទេសឥណ្ឌា អំពីលទ្ធផល វិជ្ជមាននៃដំណើរទស្សនកិច្ចការងាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅថ្ងៃទី០៧-០៨ ខែមករា ឆ្នាំ២០២២។
ឯកឧត្តម បណ្ឌិត ស៊ូប្រាម៉ានយ៉ាំ ចៃហ្សានកា បានមានប្រសាសន៍ថា ក្នុងនាមជាប្រទេសជិតខាងជាមួយមីយ៉ាន់ម៉ា ឥណ្ឌាបាន និងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់អំពីស្ថានការណ៍នៅមីយ៉ាន់ម៉ា ព្រមទាំងវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់ របស់កម្ពុជាជាប្រធានអាស៊ាននៅឆ្នាំនេះ។
កិច្ចសន្ទនាតាមទូរស័ព្ទបានបញ្ចប់ទៅក្នុងបរិយាកាសស្និទ្ធស្នាល ក្នុងស្មារតីមិត្តភាព និងការយល់គ្នាទៅវិញទៅមក៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ





