ភ្នំពេញ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្តមបណ្ឌិត ស៊ូប្រាម៉ានយ៉ាំ ចៃហ្សានកា បានផ្លាស់ប្តូរយោបល់គ្នា អំពី ការវិវឌ្ឍបច្ចុប្បន្ននៅមីយ៉ាន់ម៉ា និងមានទស្សនៈដូចគ្នាអំពីតួនាទីដ៏សំខាន់ របស់អាស៊ានក្នុងការជួយមីយ៉ាន់ម៉ា ស្វែងរកដំណោះស្រាយចំពោះវិបត្តិនេះ ដោយសន្តិវិធី តាមរយៈការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ប្រកបដោយប្រសិទិ្ធភាព។
តាមរយៈសេចក្តីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចសន្ទនាតាមទូរស័ព្ទរវាង ឧបនាយករដ្ឋ ប្រាក់ សុខុន និងបណ្ឌិត ស៊ូប្រាម៉ានយ៉ាំ ចៃហ្សានកា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូន ឯកឧត្តមរដ្ឋមន្រ្តីការបរទេសឥណ្ឌា អំពីលទ្ធផល វិជ្ជមាននៃដំណើរទស្សនកិច្ចការងាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅថ្ងៃទី០៧-០៨ ខែមករា ឆ្នាំ២០២២។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការ បរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ បានជួបសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តមបណ្ឌិត ស៊ូប្រាម៉ានយ៉ាំ ចៃហ្សានកា រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋ ឥណ្ឌា ដើម្បីពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងឥណ្ឌា និងបញ្ហា តំបន់ដែលជាកង្វល់ និងផលប្រយោជន៍រួម។
ឯកឧត្តម បណ្ឌិត ស៊ូប្រាម៉ានយ៉ាំ ចៃហ្សានកា បានមានប្រសាសន៍ថា ក្នុងនាមជាប្រទេសជិតខាងជាមួយមីយ៉ាន់ម៉ា ឥណ្ឌាបាន និងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ អំពីស្ថានការណ៍នៅមីយ៉ាន់ម៉ា ព្រមទាំងវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់ របស់កម្ពុជាជាប្រធានអាស៊ាននៅឆ្នាំនេះ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី



