ថវិកាប្រមាណ ១៨៥លានដុល្លារ របស់ រាជរដ្ឋាភិបាលជប៉ុន ផ្តល់ជាកម្ចីការប្រាក់ទាបដល់កម្ពុជា សម្រាប់គាំទ្រសកម្មភាពនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ឆ្លើយតបទៅនឹងផលប៉ះពាល់សុខភាព, សង្គម និងសេដ្ឋកិច្ច ដោយសារជំងឺកូវីដ-១៩ ជាពិសេស លើជំនួយសង្គមសម្រាប់ពលរដ្ឋក្រីក្រ និងក្រុមជនងាយរងគ្រោះ ដូចជា ប្រជាពលរដ្ឋមានជីវភាពស្ថិតក្រោមបន្ទាត់ភាពក្រីក្រ, ចាស់ជរា, ស្ត្រី, កុមារ និងជនជាតិដើមភាគតិច ជាដើម, ត្រូវបានចុះហត្ថលេខាប្រគល់ និងទទួល នាថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២២នេះ រវាងតំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

ក្រោមចំណងទំនាក់ទំនងដ៏ជ្រាលជ្រៅរវាងកម្ពុជា-ជប៉ុន, ជប៉ុន គឺជាប្រទេសមួយ ដែលបានរួមចំណែកយ៉ាងច្រើនឆ្លើយតបនឹងវិបត្តិជំងឺកូវីដ-១៩នៅក្នុងប្រទេសកម្ពុជា។ រាជរដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រថយន្តសង្គ្រោះ ទូរក្សាវ៉ាក់សាំង ព្រមទាំងបរិក្ខារពេទ្យជាច្រើនផ្សេងទៀត សរុបជាថវិកាជាង ៦០លានដុល្លារអាមេរិក។
ងាកមកមើលកម្ចីឥណទានរបស់រាជរដ្ឋាភិបាលជប៉ុន ដែលផ្ដល់ឲ្យកម្ពុជាដោយការយោគយល់ និងចំណងសាមគ្គីវិញ បើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា កាលពីឆ្នាំ២០២០ រាជរដ្ឋាភិបាលជប៉ុន បានផ្តល់កម្ចីជាង ២៣៧លានដុល្លារ ផងដែរ ដើម្បីឆ្លើយតបនឹងវិបត្តិជំងឺកូវីដ-១៩នៅកម្ពុជា, សរុបទាំងពីរលើក គឺជប៉ុនផ្តល់កម្ចីដល់កម្ពុជាជាង ៤២០លានដុល្លារហើយ។
ទោះជាយ៉ាងណាក៏ដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា ថវិកាជាកម្ចីរបស់ជប៉ុនកាលពីឆ្នាំ២០២០ ជាង ២៣៧លានដុល្លារនោះ រាជរដ្ឋាភិបាលកម្ពុជា មិនទាន់បានប្រើប្រាស់នៅឡើយទេ។

លោក ថេង បញ្ញាធន អគ្គនាយកផែនការនៃក្រសួងផែនការ កន្លងមក បានឱ្យដឹងថា ចាប់ពីខែកក្កដា រហូតដល់ដំណាច់ឆ្នាំ២០២១ រាជរដ្ឋាភិបាល បានចំណាយថវិកាក្នុងរង្វង់ប្រមាណ ៥០០លានដុល្លារអាមេរិក សម្រាប់ជួយដល់ពលរដ្ឋក្រីក្រ កម្រិត១ និងកម្រិត២ ក៏ដូចជា អ្នករងផលប៉ះពាល់ធ្ងន់ធ្ងរដោយជំងឺកូវីដ-១៩ផងដែរ។
ក្រៅពីជួយដល់ពលរដ្ឋក្រីក្រកម្រិត១ និងកម្រិត២ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ចេញកញ្ចប់ថវិកាជាតិ ដើម្បីបើកប្រាក់ឈ្នួលជូន កម្មករ-កម្មការិនី ក្នុងវិស័យកាត់ដេរ និងវាយណភ័ណ្ឌ ក៏ដូចជាកម្មករ -និយោជិត ក្នុងវិស័យទេសចរណ៍, ទិញវ៉ាក់សាំង ព្រមទាំងដោះស្រាយបញ្ហាផ្សេងៗជាច្រើនទៀត។
គួរកត់សម្គាល់ថា ព្រឹត្តិការណ៍ឆ្លងរាតត្បាតជំងឺកូវីដ-១៩ ក្នុងសហគមន៍២០កុម្ភៈ បានធ្វើឱ្យប៉ះពាល់ខ្លាំងដល់ប្រជាពលរដ្ឋ ជាពិសេស ពលរដ្ឋក្រីក្រ កម្រិត១ និងកម្រិត២, ហើយគ្រានោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបញ្ចេញកញ្ចប់ថវិកាជាតិ ជួយទ្រទ្រង់ជីវភាពរបស់ប្រជាពលរដ្ឋរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារជំងឺកូវីដ-១៩នេះប្រមាណ ២.៩លាននាក់ ចាប់តាំងពីខែកក្កដា ឆ្នាំ២០២១មកម្ល៉េះ៕ ពិសិដ្ឋ CEN








