វីដេអូមួយត្រូវបានចែករំលែកនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ដែលបង្ហាញកូនចៅយំស្តាយស្រណោះនឹកអាឡោះអាល័យមិនចង់ឃ្លាត ពេលមេដ៏ល្អចាកចេញផ្លាស់ទៅកន្លែងថ្មី ឃើញថាបានទទួលការចាប់អារម្មណ៍ជាខ្លាំងតែម្តង ពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម។
បើតាមប្រភពចែករំលែក បានឲ្យដឹងថា មេបញ្ជាការកងរាជអាវុធហត្ថម្នាក់ ដែលត្រូវបានកូនចៅ បង្ហាញពីទឹកចិត្តគោរពស្រឡាញ់មិនចង់បែក និងដល់ថ្នាក់យំជាការលាគ្នានោះ គឺលោកវរសេនីយ៍ទោ ហ៊ត សីហា ដែលត្រូវបានថ្នាក់ដឹកនាំតែងតាំងទទួលភារកិច្ចថ្មី។
សូមបញ្ជាក់ថា លោកវរសេនីយ៍ទោ ហ៊ត សីហា ត្រូវបានថ្នាក់ដឹកនាំតែងតាំងទៅទទួលភារកិច្ចថ្មី ជាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកែប ខណៈលោកអនុសេនីយ៍ឯក អ៊ុក ពិសិដ្ឋ អតីតមេបញ្ជាការរងកងរាជអាវុធហត្ថមូលដ្ឋានក្រុងព្រះសីហនុ ត្រូវបានតែងតាំងជាមេបញ្ជាការកងរាជអាវុធហត្ថមូលដ្ឋានក្រុង-ខេត្តព្រះសីហនុ ជំនួសលោក។
ដោយឡែក អ្នកលេងបណ្តាញសង្គមជាច្រើន ក្រោយពីបានឃើញបែបនេះ បានសម្តែងនូវក្តីរំជួលចិត្តតាម និងនិយាយនូវពាក្យទាំងនេះថា «នៅឲ្យគេស្រលាញ់ ទៅឲ្យគេស្ដាយស្រណោះ ពិតជាគម្រូថ្នាក់ដឹកនាំ, មនុស្សល្អទៅដល់ទីណាក៍មានតម្លៃដែរ, អំពើល្អ ប្រកបដោយគុណធម៌ របស់ថ្នាក់ដឹកនាំ ធ្វើឲ្យថ្នាក់ក្រោម គោរពស្រឡាញ់ចាក់ដោតក្នុងអារម្មណ៍មិនបំភ្លេចបានឡើយ,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






