ជឿថា ប្រិយមិត្តជាច្រើន ជាពិសេសអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរ បានស្គាល់ច្បាស់រួចហើយ ពីអតីតកីឡាករជើងខ្លាំងមានឈ្មោះល្បីរន្ទឺដូចគ្នា ២ រូប គឺ ជ័យ កុសល និង កែវ រំចង់។
ពិតណាស់ អតីតជើងខ្លាំង២រូបនេះ គឺធ្លាប់ប៉ះគ្នាចំនួន ៣ លើក ដោយអំឡុងឆ្នាំ២០១២, ២០១៣ និង២០១៦ ជ័យ កុសល ចាញ់ និងស្មើពិន្ទុជាមួយ កែវ រំចង់ ទាំងអារម្មណ៍មិនសប្បាយចិត្ត ព្រោះថារូបគេអាចគ្រប់គ្រងការវាយសន្ធាប់មិនចុះញ៉ម និងក៏ដូចផ្តល់អនុស្សាវរីយដល់ កែវ រំចង់ បែកចិញ្ចើមយ៉ាងដំណំផងដែរ។
តែទោះយ៉ាងណា ដោយសារតែវ័យកាន់តែជ្រេរៀងៗខ្លួន ពួកគេទាំងពីរក៏បានលាឈប់ពីអាជីពជាអ្នកប្រដាល់ ក្នុងនោះ ជ័យ កុសល ជាកីឡាកររៀមច្បងបានលាពីអាជីពមុន អស់រយៈពេលជាច្រើនឆ្នាំ និងក្លាយជាអាជ្ញាកណ្តាលផងដែរ។ រីឯ កែវ រំចង់ បន្ទាប់មក ក៏បានក្លាយជាអ្នករកស៊ី និងល្បីកំពុងកាក់កបជាមួយជំនួញដីធ្លីផងដែរ។
តែដោយឡែក ថ្មីៗនេះ មហាជនពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងតែម្តង ខណៈបានឃើញអ្នកទាំងពីរបង្ហាញវត្តមានថតរូបជាមួយគ្នាយ៉ាងសង្ហា និងអ្វីជាពិសេសនោះ គឺស្ថិតក្នុងឯកសណ្ឋានជាប៉ូលីសធ្វើការក្នុងក្របខណ្ឌជាមួយគ្នាផងដែរ។
តាមរយៈរូបថតមួយសន្លឹកដ៏កម្រនេះ ផេកហ្វេសប៊ុក Kun Khmer Fighter News បានភ្ជាប់ Capiton ថា៖ «គូនេះប៉ុន្មានឆ្នាំមុនប៉ះគ្នាកក្រើកសង្វៀនបាយ័នបឹងស្នោ មកដល់ឥលូវគីឡូក៏មិនលើសខ្វះគ្នាដែរ»។
ក្រោយពីបានឃើញគួរឲ្យភ្ញាក់ផ្អើល ហ្វេនៗអ្នកទាំងពីរ បានលាន់មាត់ថា «ចង់ឲ្យ Idol ទាំង2 វ៉ៃគ្នាម្តងទៀតណាស់, ដាក់ម្តងទៀតទៅ,…»។ រីឯអ្នកខ្លះទៀតថា «ចង់ឲ្យគាត់វាយគ្នាទៀតមែន មិនបាច់ទេគាត់ចាស់ៗអស់ហើយ, ហ្នឹងហើយ ចង់ឲ្យប៉ះគ្នាលើតុម្តង ខ្ញុំឧបត្ថម្ភ2កេះ»៕ រក្សាសិទ្ធិដោយ៖ លឹមហុង






