ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បង្កើតប្រព័ន្ធទូរស័ព្ទមួយខ្សែដែលមានលេខ១២៩៩ សម្រាប់ទទួលព័ត៌មានទាន់ហេតុការណ៍ដែលកើតឡើងក្នុងរាជធានីភ្នំពេញ ដែលលេខទូរស័ព្ទនេះមិនមានការបង់ប្រាក់នៅពេលធ្វើការទំនាក់ទំនងហៅចូលគ្រប់ប្រព័ន្ធ។
បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ខែតុលាឆ្នាំ២០១៧នេះ រដ្ឋបាលរាជធានីភ្នំពេញត្រូវបានពង្រីកព្រំប្រទល់រដ្ឋបាល ពី៣៧៥គីឡូម៉ែត្រការ៉េ រហូតដល់៦៩២,៦៤គីឡូម៉ែត្រការ៉េ ជាហេតុធ្វើឲ្យវិសាលភាពនៃការគ្រប់គ្រងរដ្ឋបាល ការទទួលពាក្យបណ្តឹង សំណូមពរ និងតម្រូវការចាំបាច់ចំពោះមុខដែលកើតឡើងក្នុងជីវភាពប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅជុំវិញជាយរាជធានីភ្នំពេញ នៅមិនទាន់បានល្អប្រសើរឡើយ។
ដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលានូវបញ្ហាចាំបាច់នានា ពិសេសសម្រាប់ទទួលព័ត៌មានទាន់ហេតុការណ៍ ងាយស្រួលក្នុងការដោះស្រាយសភាពការណ៍ដែលកើតមានបន្ទាន់ៗ ទាក់ទងនឹងអំពើចោរកម្ម លួច ឆក់ ប្លន់ ជួញដូរគ្រឿងញៀន សណ្តាប់ធ្នាប់ចរាចរណ៍ សណ្តាប់ធ្នាប់សាធារណៈ បាតុភាពនានា និងសំណូមពរស្នើសុំអាជ្ញាធរមានសមត្ថកិច្ចជួយអន្តរាគមន៍ ឬសង្គ្រោះ ព្រមទាំងសុវត្ថិភាពសង្គមក្នុងរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ បង្កើតប្រព័ន្ធទូរស័ព្ទមួយខ្សែដែលមានលេខ១២៩៩ សម្រាប់ទទួលព័ត៌មានទាន់ហេតុការណ៍ដែលកើតឡើងក្នុងរាជធានីភ្នំពេញ ដែលលេខទូរស័ព្ទនេះមិនមានការបង់ប្រាក់នៅពេលធ្វើការទំនាក់ទំនងហៅចូលគ្រប់ប្រព័ន្ធ។ រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមផ្តល់ព័ត៌មានទាន់ហេតុការណ៍ នានា ២៤ម៉ោង ដោយស្មារតីទទួលខុសត្រូវខ្ពស់៕ ដោយ៖កូឡាប