ខេត្តព្រៃវែង ៖ ជនសង្ស័យពីរនាក់ដែលបានធ្វើសកម្មភាពបន្លំខ្លួនធ្វើជាសង្ឃ រួចសុំម៉ូតូបុរសចំណាស់ម្នាក់ជិះ ដល់កន្លែងស្ងាត់ប្លន់យកម៉ូតូពីជនរងគ្រោះរួចគេចខ្លួនមកស្រុកព្រះស្តេចត្រូវបានសមត្ថកិច្ចតាមស្ទាក់ចាប់ខ្លួនបាន។ ដែលហេតុការណ៍នេះបានកើតឡើងកាលពី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅចំណុចវាលស្រែភូមិតាមូង ឃុំថ្កូវ ស្រុកកំពង់ត្របែក។ ជនសង្ស័យទាំង២នាក់ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគបាលស្រុក កំពង់ត្របែក ដើម្បីកសាងសុំណុំរឿងចាត់ការទៅតាមនីតិវិធី។
សមត្ថកិច្ចនៅមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ស៊ីម វិសាល អាយុ២២ឆ្នាំ នៅភូមិតាប្រុយ ឃុំព្រៃពោន ស្រុកកំពង់ត្របែក និងឈ្មោះ ប៉ុល បញ្ញា អាយុ២០ឆ្នាំ នៅភូមិត្រពាំងក្រសាំង ឃុំព្រៃពោន ស្រុកកំពង់ត្របែក។ ជនសង្ស័យទាំងពីរ បានស្លៀកស្បង់ចីវរ ក្លែងបន្លំខ្លួនធ្វើជាព្រះសង្ឃ ហើយបានដើរនៅតាមផ្លូវ លុះពេលឃើញជនរងគ្រោះឈ្មោះ ឈឹម ខឿន ភេទប្រុស អាយុ៦៨ឆ្នាំ នៅភូមិស្នួល ឃុំធាយ ស្រុកបាភ្នំ ជិះនៅតាមផ្លូវតែម្នាក់ឯង ក៏បានហៅជនរងគ្រោះឲ្យឈប់។ ដោយជនរងគ្រោះជាមនុស្សចាស់ ហើយឃើញព្រះសង្ឃនិមន្តតាមផ្លូវហៅឈប់ គាត់ក៏ឈប់ ។ នៅពេលជនរងគ្រោះឈប់ម៉ូតូ ជនសង្ស័យ ក៏បានឲ្យជនរងគ្រោះឌុបខ្លួនមកវត្តបឹងក្រទឹប ។ លុះមកដល់ចំណុចកើតហេតុខាងលើ ជនសង្ស័យបានទាញជនរងគ្រោះផ្តូល ហើយចងមុខឲ្យដេកផ្ងារ និងវាយ ឲ្យរងរបួស ហើយក៏យកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង1G-1393 បើកគេចខ្លួនបាត់។
ក្រោយកើតហេតុសមត្ថកិច្ចបានដាក់កម្លាំងស្ទាក់ ដេញតាម ទៅដល់ចំណុចភូមិសុណនចៃ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ទើបកម្លាំងសមត្ថកិច្ចដេញទាន់ឃាត់ខ្លួនជនស្ស័យបានទាំង២នាក់ រួមនឹងម៉ូតូវត្ថុតាង ៕ ដោយ៖បញ្ញាស័ក្តិ