ជាការពិតណាស់ រៀងរាល់ពេលដែលកូនៗប្រឡងជាប់ នោះគេតែងសង្កេតឃើញឪពុកម្តាយជាច្រើន បានផ្តល់កាដូលើកទឹកចិត្តផ្សេងៗដល់ពួកគេ ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ក្នុងនោះមានដូចជា នាឡិកា ចិញ្ចៀន ខ្សែ.ក, កង់ និងម៉ូតូ ជាដើម។
តែដោយឡែកថ្មីៗនេះ អ្នកលេងហ្វេសប៊ុកពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្តង ខណៈបានឃើញឪពុកជាអ្នកមានម្នាក់ បានកាដូលើកទឹកចិត្តដ៏មិនធម្មតាដល់កូនប្រុសរបស់គាត់ រថយន្តស៊េរីទំនើប១គ្រឿងម៉ាក MG6-2022 បន្ទាប់ទទួលបានលទ្ធផលប្រឡងជាប់ថ្នាក់ទី១២។
នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Prang Sela បានបង្ហោះរូបភាពបង្ហាញរថយន្តទំនើប១គ្រឿងកាដូដល់កូនប្រុស និងភ្ជាប់ Caption បែបនេះថា៖ «ថ្ងៃនេះជាពិសេសណាស់ ដែលកូនប្រុសបានប្រលងជាប់ថ្នាក់ទី12 មានកាដូបន្តិចបន្តួច MG6-2022 ជូនកូនសំលាញ់ ជូនពរដល់កូនសំរេចអ្វីដូចបំណង ណាកូន»។
ក្រោយពីបានឃើញឪពុកគេ គេកាដូសុទ្ធតែឡានទំនើបបែបនេះ ធ្វើឲ្យអ្នកលេងហ្វេសប៊ុកក្នុងនាមជាកូនម្នាក់ បានបង្ហាញអារម្មណ៍ពិតចេញពីចិត្តមួយនេះថា ៖ «កាដូពិសេសបំផុតសម្រាប់កូន គឺសុំឲ្យតែប៉ាម៉ាក់មានសុខភាពល្អ នៅជាម្លប់ដល់កូនឲ្យយូរៗ,»។ តែទោះយ៉ាងណា អ្នកខ្លះក៏បាននិយាយហាក់ចង់ចំអកឲ្យថា៖ «ជាប់ត្រឹម E បានឡាន ទម្រាំជាប់ត្រឹម A ប្រហែលយន្តហោះ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



