កូរ៉េខាងជើង និងកូរ៉េខាងត្បូង នឹងចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពមួយជាផ្លូវការ បញ្ចប់សង្គ្រាមនៅចុងឆ្នាំនេះ ។ ព័ត៌មានខាងលើត្រូវបានប្រទេសទាំងពីរលើកឡើងក្នុងសេចក្តីថ្លែងការណ៍រួម បន្ទាប់ពីសន្និសីទកំពូលអន្តរកូរ៉េថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០១៨។
ឯកសារនេះ មានចំណងជើងថា “Panmunjom ដើម្បីសន្តិភាព ភាពរុងរឿង និងឯកភាពលើឧបទ្វីបកូរ៉” ត្រូវបានប្រកាសជាសាធារណៈ ក្រោយកិច្ចចរចា១ថ្ងៃ ព្រមទាំងការផ្លាស់ប្តូរយោបល់ដោយឡែក អូសបន្លាយរយៈពេល ៣០នាទី រវាងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន និងប្រធានាធិបតីកូរ៉េខាងត្បូង មូន ចាអ៊ីន ។
សេចក្តីថ្លែងការណ៍ Panmunjom លើកឡើងច្បាស់ៗថា ៖ “មេដឹកនាំទាំងពីរប្រកាសជាផ្លូវការថា នឹងពុំមានសង្គ្រាមលើឧបទ្វីបកូរ៉េ ហើយយុគ្គសម័យសន្តិភាពថ្មីមួយបានចាប់ផ្តើម” ៕ សូយន