Saturday, September 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្អាកចរាចរឆ្លងកាត់វិថីតេជោ (ទីលានតេជោ) ជាបណ្តោះអាសន្ន ដើម្បីរៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២

ព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកចរាចរឆ្លងកាត់វិថីតេជោ (ទីលានតេជោ) ជាបណ្តោះអាសន្ន ដើម្បីរៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២។

រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ឱ្យបានជ្រាបថា៖ រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យក្រសួងទេសចរណ៍រៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ ដែលរួមមានកិច្ចប្រជុំស្ថាប័នទេសចរណ៍ជាតិអាស៊ាន(NTO) និងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ព្រមទាំងការតាំងពិព័រណ៏ទេសចរណ៍(Travex) នៅខេត្តព្រះសីហនុ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ ស្ថិតនៅសណ្ឋាគារឆ្នេរសុខា និងទីលានតេជោ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព និងរក្សាបានសណ្តាប់ធ្នាប់ សាធារណៈល្អប្រសើរ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ រដ្ឋបាលខេត្តព្រះសីហនុ នឹងផ្អាកការធ្វើ ចរាចរយានជំនិះគ្រប់ប្រភេទឆ្លងកាត់វិថីតេជោ(ទីលានតេជោ) ជាបណ្តោះអាសន្ន ចាប់ពីចំណុចត្រីកោណប្រសព្ទ ព្រះស្កន្ទទ្រង់ក្ងោក(ជិតកន្ទុយនាគឆ្នេរសុខា) ដល់ចុងផ្លូវលេខ៥០២ (ផែទូកទេសចរណ៍៥០២) ចាប់ពីវេលាម៉ោង ៦និង០០នាទីព្រឹក ថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនមេត្តាជ្រាប និងយោគយល់អធ្យាស្រ័យ ចំពោះការបញ្ចៀសធ្វើដំណើរឆ្លងកាត់តាមទីតាំង និងកាលបរិច្ឆេទខាងលើដោយក្តីអនុគ្រោះ។ ផុតរយៈពេល ហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលខេត្តនឹងបើកឱ្យធ្វើចរាចរជាធម្មតាវិញ។

ទទួលបានសេចក្ដីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បញ្ជាការដ្ឋានកងរាជអាវុធ ហត្ថខេត្តព្រះសីហនុ រដ្ឋបាលក្រុងព្រះសីហនុ និងមន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងចាត់តាំងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។

នៅល្ងាចថ្ងៃសុក្រ ទី១៤ ខែមករា ឆ្នាំ ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុបានអញ្ជើញចុះពិនិត្យទីលានតេជោ ជាទីតាំងដែលរដ្ឋបាលខេត្តព្រះសីហនុ គ្រោងរៀបចំដើម្បីបើកវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF 2022)។

នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្ដម យូ ស៊ុនឡុង រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំសម្រាប់រៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF 2022) ដែលនឹងរៀបចំចាប់ពីថ្ងៃទី ១៦-២២ ខែមករា ឆ្នាំ២០២២ និងការងារការពារសន្តិសុខ សុវត្ថិភាពសម្រាប់ថ្នាក់ដឹកនាំ និងប្រតិភូរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងប្រតិភូមកពីបណ្តាប្រទេសនានា ។ កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់គណៈកម្មការបច្ចេកទេសរៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF 2022) កងកម្លាំងមានសមត្ថកិច្ច និងក្រុមការងារនៃរដ្ឋបាលខេត្តព្រះសីហនុ ។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំ ពិនិត្យទីតាំងជាក់ស្តែងសម្រាប់រៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF 2022)។

ការងារត្រៀមរៀបចំ ATF 2022នេះ ដោយការរៀបចំទីតាំងសម្រាប់ពិព័រណ៍ទេសចរណ៍ (ស្តង់) កម្មវិធីបើក កម្មវិធីបិទ និងកម្មវិធីពាក់ព័ន្ធផ្សេងៗត្រូវបានកំណត់ និងរៀបចំឡើងជាបណ្តើរៗស្របតាមវិធានសុវត្ថិភាព។ មកដល់ពេលនេះមាន ការបញ្ជាក់ពីការចូលរួមដោយផ្ទាល់ពីរដ្ឋមន្រ្តីទេសចរណ៍ឣាស៊ានទាំងអស់ និងមន្រ្តីជាន់ខ្ពស់ពីប្រទេសសមាជិកអាស៊ានទាំង១០ ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា ក្នុងនោះប្រតិភូអន្តរជាតិចូលរួមកិច្ចប្រជុំមានចំនួន ១១៤រូប ហើយសម្រាប់ការតាំងពិព័រណ៌ទេសចរណ៍ (TRAVEX) មានអ្នកលក់ (Sellers) សរុបចំនួន ១៨៧ស្តង់ អ្នកទិញ (Buyers) ចំនួន១០៧ ក្រុមហ៊ុន មកពី ៣៥ប្រទេស ក្នុងនោះឣ្នកទិញអន្តរជាតិ (International Buyers) ចំនួន ១០០ក្រុមហ៊ុន និងក្នុងស្រុក (Local Buyers) ចំនួន ៧ក្រុមហ៊ុន។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ដោយមានការគាំទ្រយ៉ាងមុតមាំពីប្រទេសជាសមាជិកអាស៊ានទាំងអស់ អាស៊ានបូក និងផ្នែកឯកជន ដែលទទួលបានការចុះឈ្មោះ និងការបញ្ជាក់ពីការចូលរួមលើសពីការរំពឹងទុកក្នុងអំឡុងនៃវិបត្តិជំងឺកូវីដ- ១៩ ដែលបន្តមាននៅឡើយ។

ឯកឧត្តម ថោង ខុន បានធ្វើការណែនាំ និងផ្តល់អនុសាសន៍ដល់ក្រុមការងារជំនាញពាក់ព័ន្ធត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធ នៃរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីធានាឱ្យបាននូវការរៀបចំកិច្ចប្រជុំ និងសកម្មភាពនានា នៃព្រឹត្តការណ៍អន្តរជាតិនេះប្រកបដោយសុវត្ថិភាព ស្របតាមនីតិវិធីស្តង់ដា (SOP) របស់ក្រសួងសុខាភិបាល និងនីតិ វិធីស្តង់ដាតាមគោលដៅទេសចរណ៍ (SOP) របស់រដ្ឋបាលខេត្តព្រះសីហនុ។

ឯកឧត្តម ថោង ខុន បានបន្តថា ឣំឡុងពេល នៃវេទិកាទេសចរណ៍អា ស៊ាននេះ ក្រៅពីកិច្ចប្រជុំរបស់ស្ថា ប័នទេសចរណ៍ថ្នាក់ជាតិ (National Tourism Oganizationa) កិច្ចប្រជុំថ្នាក់រដ្ឋ មន្ត្រីទេសចរណ៍អាស៊ាន (ASEAN Tourism Ministers Meetings) កិច្ចប្រជុំអាស៊ានបូកបី (ជប៉ុន កូរ៉េខាងត្បូង និងចិន) កិច្ច ប្រជុំអាស៊ានបូកមួយ (អាស៊ាន- ឥណ្ឌា) កិច្ចប្រជុំអាស៊ាន-រុស្ស៉ី កិច្ច ប្រជុំជាមួយអង្គការដៃគូរពាក់ព័ន្ធ ព្រមទាំងកិច្ចប្រជុំជាមួយផ្នែកឯកជន (ASEANTA Meetings) និងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ (TRAVEX) ក៏នឹងមានកម្មវិធីដាំដើមឈើនៃការចងចាំការចូលចតនៃនាវាទេសចរណ៍ MS Westerdam កម្មវិធីវាយកូនគោលរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន (ASEAN Ministers’ Golf Tournament) និងដំណើរទស្សនកិច្ចទៅកាន់កោះនានាផងដែរ (Island Tour) ដែលជាការបោះជំហានដ៏ធំមួយបង្ហាញពីការត្រៀមរួចរាល់របស់កម្ពុជា និងអាស៊ានទាំងមូលក្នុងការបើកទេសចរណ៍អន្តរជាតិឡើងវិញ។

ឯកឧត្តម ថោង ខុន បានបញ្ជាក់ទៀតថា រដ្ឋមន្ត្រីទេសចរណ៍អាស៊ាននឹងយកឱកាសនេះ ប្រកាសបើកទេសចរណ៍ក្នុងតំបន់របស់ខ្លួនឡើង វិញចេញពីប្រទេសកម្ពុជាតែម្ដង។ ឯកឧត្តម គួច ចំរើន ទទួលនូវអនុសាសន៍របស់ឯកឧត្តម ថោង ខុន នឹងធានារៀបចំការងារការពារសុវត្ថិភាពសុខាភិបាលជូនគណៈប្រតិភូមកពីបណ្ដាប្រទេសជាសមាជិកអាស៊ានទាំងពេលមកដល់ និងពេលត្រលប់ទៅវិញ។

ឯកឧត្តម អភិបាលខេត្ត បានបន្តថា ក៏នឹងពិនិត្យលើការជំរុញការចាក់វ៉ាក់សាំងដូសទី៣ ជូនក្រុមការងារ បុគ្គលិកដែលចូលរួមរៀបចំការងារក្នុងព្រឹត្តិការណ៍ ATF តាមបណ្ដាគោលដៅរៀបចំកម្មវិធីនៅក្នុងសណ្ឋាគារឆ្នេរសុខាផងដែរ។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា រដ្ឋបាលខេត្តបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ទទួលបដិសណ្ឋារកិច្ចប្រតិភូទាំងអស់ និងបានណែនាំដល់កម្លាំងសមត្ថកិច្ចពាក់ព័ន្ធរៀបចំកម្លាំងតាមគោលដៅសំដៅធានាឱ្យបាននូវសុខសុវត្ថិភាពជូនប្រតិភូទាំងអស់។ លើសពីនេះរដ្ឋបាលខេត្តព្រះសីហនុនឹងជួយគាំទ្រជ្រោមជ្រែងដល់ការរៀបចំព្រឹត្តិការណ៍នេះប្រកបដោយការទទួលខុសត្រូវ។ បន្ទាប់ពីកិច្ចប្រជុំត្រួតពិនិត្យការងារ រួចរាល់ក្រុមកាងារ ក៏បានចុះត្រួតពិនិត្យនៅតាមទីតាំងសំខាន់ៗមួយចំនួនក្នុងបរិវេណសណ្ឋាគារសុខា។

គួរបញ្ជាក់ថា វេទិកាទេសចរណ៍អាស៊ានលើកទី៤០ នាខែមករា ឆ្នាំ២០២២ខាងមុខនេះនៅខេត្តព្រះសីហនុ មានការចូលរួមពីសំណាក់រដ្ឋមន្ត្រីទេសចរណ៍ នៃប្រទេសចំនួន ៩ កម្ពុជា ថៃ ឡាវ មីយ៉ាន់ម៉ា សិង្ហបុរី ម៉ាឡេស៉ី ឥណ្ឌូណេស៉ី ព្រុយណេ និងហ្វីលីពីន ចំណែកប្រទេសវៀតណាម គឺចូលរួមដោយអនុរដ្ឋមន្ត្រីទេសចរណ៍ ក្នុងនាមតំណាងរដ្ឋមន្ត្រីទេសចរណ៍របស់ខ្លួន៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×