ភ្នំពេញ ៖ តារាល្បីៗរបស់ប្រទេសថៃ រួមមាន តារាភាពយន្ត តារាចម្រៀង តារាបង្ហាញម៉ូត បវរកញ្ញានិងតារាបាល់ទាត់ បានសន្យាថានឹងជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ឲ្យបានទូលំទូលាយដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរ មកទស្សនាកម្ពុជាកាន់តែច្រើនថែមទៀត។

ការសន្យានេះត្រូវបានធ្វើទ្បើង ក្នុងឱកាសដែលឯកឧត្តមបណ្ឌិតសុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោហ៊ុន សែន និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយក្រុមតារាល្បីៗ របស់ប្រទេសថៃកាលពីពេលថ្មីៗនេះ ពេលដែលឯកឧត្តមបណ្ឌិត កំពុងបំពេញទស្សនកិច្ចផ្សព្វផ្សាយ វិស័យទេសចរណ៍នៅប្រទេសថៃ។
ឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា បានឲ្យដឹងថា កាលពីថ្មីៗនេះ លោកបានជួបជាមួយតារាជើងចាស់ល្បីៗរបស់ប្រទេសថៃ ដែលរួមមានតារាភាពយន្តលោកស្រី ប៉ានទីផា សាគុមឆៃ(Pantipha Sakulchai), កញ្ញា ក្វាន់ យូសាម៉ានី(Kwan Usamanee), កញ្ញា អានីយ៉ារីន តេរ៉ាថាណាន់ផាត់ , តារាចម្រៀង តារាបង្ហាញម៉ូត បវរកញ្ញាពិភពលោក កញ្ញា ផាវីនស៊ូដា ឌ្រូអ៊ីន(Paweensuda Drouin )និងតារាកីឡាបាល់ទាត់ លោក កាវីន ថាម៉ាសាតចាណាន់(Kawin Thamsatchanan), លោក ចាន់ណាធីប សុងក្រាស៊ីន (Chanathip Songkrasin )និងតារាកីឡាជិះសេះ កញ្ញា សាយលូប ឡឺតត្រាណាឆៃ Sailub Lertratanachai ដែលត្រៀមទៅ ប្រកួត SEA Game 2023 នៅកម្ពុជា ជាដេីម ។ ល។

ដើម្បីបង្ហាញឲ្យពួកគេបានស្វែងយល់ ដឹងអំពីសក្តានុពលនៃវិសយ័ទេសចរនៅកម្ពុជា ក៏ដូចជាស្ថានភាពកូវីដ និងការបើកប្រទេសទ្បើងវិញលើគ្រប់វិសយ័ សំខាន់ការបើកទទួលភ្ញៀវទេសចរ វ៉ាក់សាំងប្រកបដោយសុវត្ថិភាព។
ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា ក្រោយបានយល់ដឹងតាមរយៈ នៃការផ្សព្វផ្សាយខាងលើនេះ ក្រុមតារាល្បីៗរបស់ប្រទេថៃ បានបង្ហាញនូវក្តីរំភើបនិងកោតសរសើរ ស្ញប់ស្ញែងអំពីសក្តានុពល នៃវិសយ័ទេសចរណ៍ ដែលមិនចេះរីងស្ងួតនៅប្រទេសកម្ពុជា ហើយពួកគេម្នាក់ៗសុទ្ធតែបានសន្យាចំពោះមុខឯកឧត្តមបណ្ឌិតថា នឹងជួយផ្សព្វផ្សាយនូវសក្តានុពល នៃវិសយ័ទេសចរណ៍នៅកម្ពុជា ឲ្យបានទូលំទូលាយបន្ថែមទៀត ដើម្បីរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរបរទេស ឲ្យមកសម្រាកកម្សាន្តនៅកម្ពុជាកាន់តែច្រើនថែមទៀត។
នាឱកាសជួបពិភាក្សាដាច់ដោយទ្បែកពីគ្នា ជាមួយតារាជើងចាស់ល្បីៗនៅប្រទេសថៃ ឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា បានលើកទ្បើងឲ្យពួកគេបានដឹង អំពីការបើកប្រទេសទទួលភ្ញៀវទេសចរ វ៉ាក់សាំងទ្បើងវិញតាំងពីថ្ងៃទី១៥ ខែវិច្ឆិកា ដោយអ្នក ចាក់វ៉ាក់សាំងចាប់ពី២ដូសទ្បើងទៅគឺមិនចាំបាច់ធ្វើចត្តាទ្បីសក័នោះទ្បើយ។ ទន្ទឹមនោះក៏បានជម្រាបជូនពួកគាត់ឱ្យបានដឹងអំពី ការរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សំខាន់ការអភិវឌ្ឍន៍លើវិសយ័ទេសចរណ៍តែម្តង។

ឯកឧត្តមបណ្ឌិតបន្ថែមថា អ្វីដែលគួរឲ្យកោតសរសើរ ចំពោះសម្តេចតេជោនោះ គឺយុទ្ធសាស្ត្រនៃការទប់ស្កាត់ជំងឺកូវីដ១៩ ដែលធ្វើឲ្យប្រទេសកម្ពុជា ទទួលបានជោគជ័យ ក្នុងការការពារនិងទប់ស្កាត់ជំងឺ ដ៏កាចសា.ហាវនេះ រហូតបើកប្រទេសលើគ្រប់វិសយ័ទ្បើងវិញ ពិសេសការបើកទទួលភ្ញៀវទេសចរអន្តរជាតិ និងធានាសុវត្ថិភាពជូនពួកគាត់។
ឯកឧត្តមក៏បានជម្រាបជូនក្រុមតារាល្បីៗទាំងអស់នោះ ឲ្យបានដឹងផងដែរថា អំទ្បុងពេលកូវីដ១៩នោះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចេញថវិការាប់រយលានដុល្លារ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជាផ្លូវថ្នល់ ព្រលានយន្តហោះជាដើម ពិសេសគឺហេដ្ឋារចនាសម្ព័ន្ធ ក្នុងតំបន់ទេសចរណ៍សំខាន់ៗដូចជា ខេត្តព្រះសីហនុនិងខេត្តសៀមរាប ដើម្បីត្រៀមទទួលភ្ញៀវទេសចរទ្បើងវិញ។
ទន្ទឹមនោះឯកឧត្តមបណ្ឌិតសុខ សុក្រឹត្យា ក៏បានប្រាប់ពួកគេឲ្យបានដឹងថា មកដល់ពេលនេះកម្ពុជា បានសម្រេចការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋបានជាង៨១.៩៩% រួចហើយ ហើយក៏កំពង់ដំណើរការចាក់ដូសជំរុញផងដែរ ដែលទាំងអស់នោះ គឺជាជោគជ័យរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន។ ផ្តើមពីនោះ ក៏បានលើកកម្ពស់កិត្យានុភាពប្រទេសកម្ពុជា ឲ្យល្បីល្បាញលើពិភពលោក និងបានជំរុញឲ្យប្រទេសកម្ពុជាក្លាយជាគោលដៅ ទេសចរប្រកបដោយសុវត្ថិភាពថែមទៀត។ ដោយសារមានទំនុកចិត្ត និងជឿជាក់លើកម្ពុជា ជាគោលដៅសុវត្ថិភាព សន្តិភាព កម្ពុជាទទួលបានការរៀបចំព្រឹត្តិការណ៍ប្រគំតន្ត្រី ខ្នាតអន្តរជាតិមួយដែលសំដែងដោយ លោក Andrea Bocelli តារាចម្រៀងដ៏ល្បីល្បាញលើពិភពលោក ដើមកំណើតអ៊ីតាលី ក្នុងខែមេសា ឆ្នាំ២០២២ខាងមុខនេះ។

ឯកឧត្តមបណ្ឌិតក៏បានបង្ហាញផងដែរ អំពីគោលដៅទេសចរសំខាន់ៗ ប្រកបដោយសក្តានុពលរបស់កម្ពុជា ខណៈដែលប្រទេសកម្ពុជា ដែលមានវប្បធម៌ អរិយធម៌ ដ៏យូរលង់មួយនេះ សម្បូរដោយបេតិកភណ្ឌ ប្រាង្គប្រាសាទដ៏ល្បីល្បាញ និងធនធានធម្មជាតិច្រើនឥតគណនា រួមទាំងឆ្នេរសមុទ្រដ៏ស្រស់ស្អាតគួរជាទីទាក់ទាញភ្ញៀវទេសចរ។
តាមការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត ក្រុមតារាល្បីៗទាំងអស់នោះ មានមួយចំនួនធ្លាប់បានមកទស្សនាប្រទេសកម្ពុជា តែមួយចំនួនមិនទាន់បានមកនៅទ្បើយ។ យ៉ាងណាក៏ដោយ ពួកគេបានសន្យាថា នឹងជួយផ្សព្វផ្សាយអំពីវិស័យទេសចរណ៍ នៅកម្ពុជាឲ្យបានកាន់តែទូលំទូលាយ ហើយនឹងជម្រុញឲ្យសមាជិកក្លឹបរបស់ពួកគេ មកទស្សនាកម្ពុជាឲ្យបានគ្រប់ៗគ្នាផងដែរ៕ រក្សាសិទ្ធិដោយ ៖ សុភក្ត្រា








