Sunday, December 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចពញាចក្រី ហេង សំរិន អំពាវនាវដល់ជនរួមជាតិ ទៅចាក់វ៉ាក់សំាងដូសជំរុញ ឱ្យបានគ្រប់ៗគ្នា និងបន្តអនុវត្តវិធានការសុខាភិបាល

ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែមករា ឆ្នាំ២០២២នេះ និងសមាជិកសមាជិការដ្ឋសភា ព្រមទាំងសហព័ទ្ធ បានអញ្ជើញមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ នៅវិមានរដ្ឋសភា ដែលរៀបចំឡើងដោយក្រសួងសុខាភិបាល និងអគ្គលេខាធិការដ្ឋានរដ្ឋសភា។

សម្តេច ក៏បានអំពាវនាវដល់ជនរួមជាតិទំាងអស់ ទៅចាក់វ៉ាក់សំាងដូសជំរុញឱ្យបានគ្រប់ៗគ្នា និងបន្តអនុវត្តវិធានការសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួនដើម្បីការពារជំងឺកូវីដ-១៩ ពិសេសទប់ស្កាត់វីរុសបំប្លែងថ្មី អូមីក្រុង កុំឱ្យឆ្លងរីករាលដាលក្នុងសង្គមជាតិ។

សម្តេច បានមានប្រសាសន៍បន្ថែមថា ទោះបីបងប្អូនជនរួមជាតិ បានចាក់វ៉ាក់សំាងដូសជំរុញលើកទី៣ និងលើកទី៤ហើយយ៉ាងណាក្តី សូមបន្តអនុវត្តវិធានការសុខាភិបាល “បីការពារ បីកុំ” ឱ្យបានខ្ជាប់ខ្ជួនជាប្រចាំ ទើបអាចទប់ស្កាត់កុំឱ្យជំងឺកូវីដ-១៩នេះរីក រាលដាលនៅក្នុងសង្គមជាតិបានសារជាថ្មីបាន។

ការផ្អាកសង្គមនិងសេដ្ឋកិច្ចរបស់សកលលោក ក៏ដូចជាប្រទេសកម្ពុជា នាពេលកន្លងមក ពិតជាបានបង្កការលំបាកទំាងក្នុងការរស់នៅ និងជីវភាព។ សម្តេចបានគូសបញ្ជាក់ថា ដើម្បីជៀសផុតពីការលំបាកទំាងនោះម្តងទៀត សូមជនរួមជាតិចូលរួមចាក់វ៉ាក់សំាង និងអនុវត្តវិធានការសុខាភិបាល ឱ្យបានហ្មត់ចត់ និងគ្រប់ៗគ្នា មិនត្រូវធ្វេសប្រហែសឡើយ។ មានតែការចូលរួមរបស់បងប្អូនជនជាតិគ្រប់គ្នាប៉ុណ្ណោះ ទើបគ្រួសារយើង សង្គមជាតិយើង អាចឈ្នះនឹងជំងឺកូវីដ-១៩បាន។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងការកោតសរសើរចំពោះរាជរដ្ឋាភិបាល ដែលបានខិតខំប្រឹងប្រែង ការពារអាយុជីវិតប្រជាពលរដ្ឋយើង ពីជំងឺដ៏កាចសាហាវនេះ ជាពិសេសការអនុវត្តគោលនយោបាយវ៉ាក់សំាង បានយ៉ាងជោគជ័យ រហូតអាចឈានដល់ការបើកសង្គម និងសេដ្ឋកិច្ចបានឡើងវិញ នៅពេលនេះ។ សម្តេចប្រធានរដ្ឋសភា ក៏បានថ្លែងអំណរគុណ ចំពោះបណ្តាប្រទេសជាមិត្ត អង្គការដៃគូអភិវឌ្ឍន៍ទំាងឡាយ ដែលបានផ្តល់ជំនួយជាថវិកា វ៉ាក់សំាង និងឧបករណ៍វេជ្ជសាស្រ្តដល់កម្ពុជា ក្នុងការទប់ស្កាត់ ការពារអាយុជីវិតប្រជាពលរដ្ឋពីជំងឺកូវីដ-១៩បានរហូតមក៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×