Saturday, March 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយឧត្តមសេនីយ៍ ឈុំ សុជាត ស្នើឱ្យក្រុមការងារចាក់វ៉ាក់សាំង សម្របសម្រួល និងពន្លឿនដល់ការងារ ចេញបណ្ណចាក់វ៉ាក់សាំងដូសទី៣

ភ្នំពេញ ៖ ក្រសួងការពារជាតិចេញសេចក្តីជូនដំណឹង ស្ដីពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ (ដូសទី៤) ហើយការចាក់វ៉ាក់សាំងដូសជំរុញ (ដូសទី៤) បាន លុះត្រាតែបុគ្គលផ្ទាល់ខ្លួន បានចាក់វ៉ាក់សាំង ទាំង៣ដូសរួច និងត្រូវភ្ជាប់មកជាមួយនូវបណ្ណចាក់វ៉ាក់សាំង ។ ករណីនេះ នាយឧត្តមសេនីយ៍ ឈុំ សុជាត បានស្នើឱ្យក្រុមការងារចាក់វ៉ាក់សាំង សម្របសម្រួល និងពន្លឿនដល់ការងារចេញបណ្ណចាក់វ៉ាក់សាំងនេះ ដោយឯកឧត្តមលើកឡើងថា លក្ខខណ្ឌត្រូវបង្ហាញឯកសារភ្ជាប់មក ជាមួយដូចជាមានការលំបាកបន្តិច ព្រោះមកដល់ថ្ងៃនេះ មានអ្នកចាក់ដូសទី៣ រួចយូរមកហើយ នៅតែមិនទាន់ទទួលបានបណ្ណចាក់វ៉ាក់សាំងនៅឡើយ ហើយបណ្ណចាក់វ៉ាក់សាំងភាគច្រើន មានបញ្ចូលតែទិន្នន័យចាក់លើកទី២ តែប៉ុណ្ណោះ មិនទាន់បញ្ចូលថ្ងៃខែចាក់លើកទី៣នៅឡើយ។

នៅលើទំព័រហ្វេសប៊ុកផ្លូវការ នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា “ចំពោះករណីនេះ លក្ខខណ្ឌត្រូវបង្ហាញឯកសារភ្ជាប់មកជាមួយដូចជាមានការលំបាកបន្តិច ព្រោះមកដល់ថ្ងៃនេះ ខ្ញុំទទួលព័ត៌មានថា មានអ្នកចាក់ដូសទី៣ រួចយូរមកហើយនៅតែមិនទាន់ទទួលបានបណ្ណចាក់វ៉ាក់សាំងនៅឡើយ។ បណ្ណចាក់វ៉ាក់សាំងភាគច្រើន មានបញ្ចូលតែទិន្នន័យចាក់លើកទី២ តែប៉ុណ្ណោះ មិនទាន់បញ្ចូលថ្ងៃខែចាក់លើកទី៣នៅឡើយ។ សូមស្នើឱ្យក្រុមការងារចាក់វ៉ាក់សាំងយើង សម្របសម្រួល និងពន្លឿនដល់ការងារនេះ”។

ក្រសួងការពារជាតិ បានចេញសេចក្តីជូនដំណឹង ស្ដីពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ (ដូសទី៤) ជូនយោធិននិងគ្រួសារ ក្នុងអគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ។

ការិយាល័យបុគ្គលិក អគ្គលេខាធិការដ្ឋាន សូមគោរពជម្រាបជូនឯកឧត្តម លោកជំទាវ នាយទាហាន នាយទាហានរង ពលទាហាន ចំណុះអគ្គលេខាធិការដ្ឋានមេត្តាជ្រាបថា៖ អគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ បានសហការជាមួយ ក្រុមគ្រូពេទ្យសម្ដេចពិជ័យសេនា ធ្វើការចាក់វ៉ាក់សាំងដូសជំរុញ (ដូសទី៤)ចាប់ពីថ្ងៃទី ១៩ដល់ ២៥ ខែមករា ឆ្នាំ២០២២ ជូនយោធិននិងគ្រួសារទាំងអស់ក្នុង អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ។

អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូមយោធិននិងគ្រួសារ ទាំងអស់ដែលចំណុះ អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ មកទទួលការចាក់វ៉ាក់សាំងដូសជំរុញ (ដូសទី៤)នៅអគារC ក្រសួងការពារជាតិ រៀងរាល់ម៉ោងធ្វើការ (ធ្វើការទាំងថ្ងៃសៅរ៍ និងអាទិត្យ) ។

បញ្ជាក់៖ ការទទួលបានការចាក់វ៉ាក់សាំងដូសជំរុញ (ដូសទី៤) បាន លុះត្រាតែបុគ្គលផ្ទាល់ខ្លួន បានចាក់វ៉ាក់សាំង ទាំង៣ដូសរួច និងត្រូវភ្ជាប់មកជាមួយនូវបណ្ណចាក់វ៉ាក់សាំង អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ អត្តសញ្ញាណបណ្ណយោធា៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×