ខេត្តកណ្តាល ៖ រថយន្តកុងតឺន័រ របស់ក្រុមហ៊ុនផែស្ងួត តេង ឡាយ បើកបុ.កម៉ូតូចំពេញទំហឹង បណ្តាលឲ្យស្លា.ប់ម្នាក់ នៅក្រោមកង់រថយន្ត នៅថ្ងៃទី១៧ខែមករាឆ្នាំ២០២២វេលាម៉ោង៩និង០០នាទី នៅលើដងផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ២៤-២៥ ស្ថិតនៅភូមិដីឥដ្ឋកោះផុស៣ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

លោកហង្ស ផាណារ៉ា អធិការរងស្រុកកៀនស្វាយ ទទួលផ្នែកចរាចរណ៍ បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្ត១គ្រឿងធុនធំសណ្តោងទូកុងតឺន័រ ម៉ាកFUSO ពណ៌បៃតងពាក់ផ្លាកលេខភ្នំពេញ 3C-0512 បើកបរដោយឈ្មោះប៉ុល រ៉ាន ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិសង្កែចុង ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង បើកបរក្នុងទិសដៅអ្នកលឿងទៅភ្នំពេញ លុះមកដល់ចំណុចកើតហេតុ រថយន្តវ៉ាជែងបានជ្រុលចង្គូត ទៅបុកម៉ូតូ១គ្រឿង ម៉ាកHONDA DREAM C125
ពណ៌ខ្មៅស៊េរី២០១៥ ពាក់ផ្លាកលេខភ្នំពេញ1FF7001 បើកបរដោយបុរសម្នាក់ ឈ្មោះស្រៀង វិសាល ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បើកបរក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លា.ប់នៅកន្លែងកើតហេតុ។ ចំណែកអ្នកបើកបររថយន្ត ត្រូវបានឃាត់ខ្លួន។

លោកព្រំ សំអុល នាយផ្នែកចរាចរណ៍ស្រុក បានឧ្យដឹងថា ក្រោយពីកើតហេតុ កម្លាំងជំនាញផ្នែចរាចរណ៍ស្រុកកៀនស្វាយ ដឹកនាំកម្លាំងចុះធ្វើការវាស់វែង។ ដោយឡែកសាកសព ប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី។
ចំពោះវត្ថុតាងរថយន្តនិងម៉ូតូ កម្លាំងជំនាញចរាចរណ៍ សណ្តាប់ធ្នាប់ស្រុកកៀនស្វាយ ធ្វើការវាស់វែងយកមករក្សាទុកនៅ អធិការស្រុកកៀនស្វាយ ជាភស្ភតាងដើម្បីបន្តនីតិវិធី។
បើតាមក្រុមគ្រួសារសាច់ញាតិសព បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ជនរងគ្រោះបានធ្វើដំណើរពីភ្នំពេញ ទៅស្រុកកំណើត ដើម្បីចូលរួមធ្វើបុណ្យម្តាយធំ ប៉ុន្តែអកុសលត្រូវរថយន្តបុកស្លា.ប់។ ដោយឡែកប្រពន្ធមានផ្ទៃពោះ៥ខែ។
បើតាមការសន្និដ្ឋាន របស់សមត្ថកិច្ចថា ករណីនេះ បង្កឡើងដោយអ្នកបើកបរ រថយន្ត បើកបរធ្វេសប្រហែស មិនពិនិត្យគ្រប់ជ្រុងជ្រោយ មុនហ្នឹងធ្វើការវ៉ាជែង៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី






