Saturday, March 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងចៃកា រួមគ្នាអភិវឌ្ឍសមត្ថភាព លើការគ្រប់គ្រង និងប្រតិបត្តិការចំណតផែកុងតឺន័រ នៅកំពង់ផែក្រុងព្រះសីហនុ-ជំហានទី៣

ភ្នំពេញ ៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (ចៃកា) នៅថ្ងៃទី១៧ខែមករាឆ្នាំ២០២២ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង គម្រោងសហប្រតិបត្តិការបច្ចេកទេសស្តីពី “គម្រោងអភិវឌ្ឍន៍សមត្ថភាពលើការគ្រប់គ្រង និងប្រតិបត្តិការចំណតផែកុងតឺន័រ នៅកំពង់ផែក្រុងព្រះសីហនុ-ជំហានទី៣” ។

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និង លោកស្រី កាមេយ ហារូកុ ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (ចៃកា) ប្រចាំប្រទេសកម្ពុជា បានសម្រេចចុះហត្ថលេខា លើកិច្ចព្រមព្រៀងដាក់ឱ្យដំណើរការជាផ្លូវការ នូវគម្រោងសហប្រតិបត្តិការបច្ចេកទេសស្តីពី “គម្រោងអភិវឌ្ឍន៍សមត្ថភាពលើការគ្រប់គ្រង និងប្រតិបត្តិការចំណតផែកុងតឺន័រ នៅកំពង់ផែក្រុងព្រះសីហនុ-ជំហានទី៣” ដែលគម្រោងនេះមានរយៈពេលបួន(៤)ឆ្នាំ ហើយគ្រោងនឹងចាប់ផ្តើមអនុវត្តនៅខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ។
កន្លងមក ដោយមានការពិចារណាអំពី តម្រូវការចាំបាច់នូវប្រសិទ្ធភាពលើការងារប្រតិបត្តិការ និងការគ្រប់គ្រងចំណតផែកុងតឺន័រ នៅកំពង់ផែក្រុងព្រះសីហនុ ទីភ្នាក់ងារចៃកា បានផ្តល់ការគាំទ្រផ្នែកបច្ចេកទេស ដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ លើការអភិវឌ្ឍន៍សមត្ថភាពលើការគ្រប់គ្រង និងប្រតិបត្តិការចំណតផែកុងតឺន័រ ចាប់តាំងពីឆ្នាំ ២០១៣។

គម្រោងអភិវឌ្ឍន៍សមត្ថភាពជំហានទី៣ នេះ ត្រូវបានអនុវត្តឡើងទន្ទឹមគ្នានឹង គម្រោងប្រើប្រាស់កម្ចីហិរញ្ញប្បទាន របស់ជប៉ុនមួយទៀត ដែលបាននឹងកំពុងដំណើរការ គឺ គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ-ជំហានទី១ ដែលការងារសាងសង់គ្រោងនឹងត្រូវបញ្ចប់ និងដាក់ឱ្យប្របតិបត្តិការ នៅឆ្នាំ ២០២៥ ខាងមុខ។

តាមរយៈកិច្ចសហការនេះ រំពឹងថា ការអភិវឌ្ឍសមត្ថភាពប្រកប ដោយប្រសិទ្ធភាពតាមរយៈគម្រោង រួមជាមួយនឹងការសាងសង់ នូវចំណតផែកុងតឺន័រថ្មី នឹងរួមចំណែកធ្វើឱ្យប្រសើរឡើង នូវការអភិវឌ្ឍន៍វិស័យកំពង់ផែ និងពង្រឹងភាពប្រកួតប្រជែងរ បស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ បន្ថែមទៀត៕ រក្សាសិទ្ធិដោយ ៖ សុភក្ត្រា

×