ភ្នំពេញ ៖ លោក ជូ កុល្លា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ និងប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តប្រាសាទ ផ្លូវជាតិលេខ៦ ស្រុកសន្ទុក រួមទាំងបក្ខពួកមួយចំនួន បានរងការចោទប្រកាន់ ពីមន្ត្រីសាធារណការខេត្តកំពង់ធំថា បានប្រព្រឹត្តអំពើពុករលួយ និងបានពង្រឹងបណ្តាញពុករលួយ និងធ្វើអ្វីៗតាមអំពើចិត្ត ដោយគ្មាននរណាហ៊ានប៉ះពាល់។ ហើយមន្ត្រីសាធារណការខេត្តកំពង់ធំ ស្ទើរតែក្លាយទៅជាក្រុមហ៊ុន រកស៊ីផ្តាច់មុខរបស់លោក ជូ កុល្លា និងបក្ខពួក។

ប្រភពពីមន្ត្រីដដែលបានបន្តថា គម្រោងស្ថាបនាផ្លូវ ជួសជុលផ្លូវ និងគម្រោងផ្សេងៗ សម្រាប់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ កឺជាប្រភពចំណូលដ៏សំខាន់ របស់លោក ជូ កុល្លា និងបក្ខពួករយៈពេលច្រើនឆ្នាំមកហើយ។
លើសនេះទៅទៀត ករណីប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តប្រាសាទ ផ្លូវជាតិលេខ៦ ភូមិត្រើយម្យ៉ាប ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ប្រព្រឹត្តអំពើពុករលួយ ប្រែក្លាយជញ្ជីងថ្លឹងរថយន្ត ទៅជាជញ្ជីងថ្លឹងលុយយ៉ាងរលូន គឺមានការបើកដៃពីលោក ជូ កុល្លា។
ហើយថ្មីៗនេះ រឿងអាស្រូវពុករលួយ របស់ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ផ្លូវជាតិលេខ៦ ស្រុកសន្ទុក ត្រូវបានក្រុមឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញ ដឹកជញ្ជូនកសិផល ឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ផ្លូវជាតិលេខ៦ ស្រុកសន្ទុក។ ប៉ុន្តែលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស ធ្វើមិនដឹងមិនឮអ្វីទាំងអស់ ហើយបណ្តោយឲ្យលោក ជូ កុល្លា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ និងប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តប្រាសាទ ផ្លូវជាតិលេខ៦ ស្រុកសន្ទុក រួមដៃគ្នាប្រព្រឹត្តអំពើពុករលួយ។

ទាក់ទងករណីនេះ មន្ត្រីរាជការនៅក្នុងមន្ទីរសាធារណការខេត្តកំពង់ធំ បានស្នើឲ្យរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ពិនិត្យមើលឲ្យលោក ជូ កុល្លា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ និងប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តប្រាសាទ ផ្លូវជាតិលេខ៦ ស្រុកសន្ទុក និងបក្ខពួកមួយចំនួនទៀងផង។
លោក ជូ កុល្លា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ មិនអាចសុំការអត្ថាធិប្បាយបានទេ ជុំវិញការចោទប្រកាន់ខាងលើនេះ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

