ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីទី១៧ ខែ មករា ឆ្នាំ ២០២២ បានបើកសវនាការ ជំនុំជម្រះ កុមារីជាប់ចោទម្នាក់ ពាក់ព័ន្ធនឹងករណី ជួញដួរស្រ្តី ខ្មែរ ដើម្បីទៅរៀបការប្តី នៅចិន ប្រព្រឹត្តកាលពីអំឡុងឆ្នាំ ២០២០។
លោកកី ម៉ាណេរ៉ា ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ បានថ្លែងឲ្យដឹងនៅក្នុងសវនាការថា ជនជាប់ចោទរូបនេះ មានឈ្មោះ ភស់ សុខហេង ភេទ ស្រី អាយុ១៦ ឆ្នាំ មានទីលំនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

លោកចៅក្រមបានថ្លែងថា ជនជាប់ចោទត្រូវបានជាប់ចោទ ពីបទ «ការនាំយកចេញ ដោយមិនស្របច្បាប់ សម្រាប់នាំឆ្លងដែន » តាមមាត្រា១១ នៃច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស នឹងអំពើអាជីវកម្មផ្លូវភេទ។
ជនជាប់ចោទត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២១ តាមបណ្តឹងរបស់កុមារីរងគ្រោះម្នាក់ អាយុ ១៦ ឆ្នាំ ដែលត្រូវបានជួញដូរ ទៅរៀបការប្តី នៅប្រទេសចិន កាលពីឆ្នាំ ២០២០។
នាពេលសវនាការ កុមារីជាប់ចោទឈ្មោះ សុហេង បានឆ្លើយសារភាព នឹងទទួលស្គាល់កំហុស។ ក៏ប៉ុន្តែនាងបាននិយាយ នាងក៏ជាជនរងគ្រោះផងដែរ និងត្រូវបានចាញ់បោ.ក ស្ត្រីខ្មែរម្នាក់ឈ្មោះ «ចាន់» ដែលគេចខ្លួន។
កុមារីជាប់ចោទ បានិយាយប្រាប់តុលាការថា ខ្លួនធ្លាប់ត្រូវបានឈ្មោះ «ចាន់» នាំចេញតាមច្រងរបៀង នៃប្រទេសវៀតណាម ទៅរៀបការប្តីនៅចិននៅក្នុង ឆ្នាំ ២០២០ និងត្រឡប់កម្ពុជាវិញ នៅដើមឆ្នាំ ២០២១។
កុមារីជាប់ចោទ បានសំណូមពរដល់ចៅក្រមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ លើកលែងបទប្រកាន់និងដោះលែងរូបនាង ពីពន្ធនាគារនា។
សំណុំរឿងនេះ សាលាដំបូងរាជធានីភ្នំពេញ បានលើកពេលប្រកាសសាលក្រម នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ ២០២២ ខាងមុខនេះ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

