ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្តម៉ាកអូឌីស៊េរីទំនើបមួយគ្រឿង ក្នុងល្បឿនលឿនតាមបណ្តោយផ្លូវ២០០៤ ទៅបុ.ករះម៉ូតូ៣គ្រឿងមិនព្រមឈប់ដោះស្រាយ ព្យាយាមបើករត់មកដល់ផ្លូវ២១៥ ជិតនិងស្តុបអាងទឹក ក៏ជ្រុលទៅបុ.ករបាំងថ្មពុះចែកទ្រូងផ្លូវបា.ក់៤កង់ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើង កាលពីវេលាម៉ោង ១២ រំលងអធ្រាត្រឈានចូលថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ ២១៥ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោករាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញ រថយន្តម៉ាកអូឌីស៊េរីទំនើប ពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2AM-6889 បើកបរតាមបណ្តោយផ្លូវ២០០៤ ក្នុងល្បឿនលឿន បានជ្រុលចង្កូតទៅបុករះម៉ូតូ៣គ្រឿង មិនចាំម៉ាក បណ្តាលឲ្យដួលពេញផ្លូវ រួចមិនព្រមឈប់ដោះស្រាយ ក៏ព្យាយាមបើករត់ទៅមុខ ។ ពេលបើកមកដល់ចំណុចផ្លូវ២១៥ ជាប់នឹងស្តុបអាងទឹក ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹងបណ្តាលឲ្យបា.ក់៤កង់ ចំណែករថយន្តបង្ករងការខូចខាត មួយកំណាត់ខាងមុខ ស្ទើរទាំងស្រុង ហើយភ្លាមនោះដែរ ម្ចាស់រថយន្តបង្កបានរត់ចេញពីកន្លែងកើតហេតុ បាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងជំនាញចរាចរណ៍ខណ្ឌទួលគោក ចុះមកដល់រួចក៏ពិនិត្យនឹងទំនាក់ទំនង ទៅជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងយករថយន្ត បង្កទៅរក្សាទុកនៅខាង ការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យម្ចាស់រថយន្តបង្កចូលខ្លួនដោះស្រាយ៕ រក្សាសិទ្ធិដោយ ៖ សា មេត





