ជឿជាក់ថា ប្រិយមិត្តជាច្រើនបានទទួលជ្រាបរួចហើយ ទាក់ទងអតីតជំនួយការផ្ទាល់ ដែលជាសាខាធំក្រុមហ៊ុនវិមានរចនាប្រចាំខេត្តប៉ៃលិន និងកូនក្រុមសាខា២នាក់ទៀតរបស់គាត់ ត្រូវបានក្រុមហ៊ុននាងចៅម៉ែ ឬយាយព្រាយ៣១ ដកសិទ្ធិលែងឲ្យលក់ផលិតផលតទៅដោយគ្មានហេតុផល។ តែទោះយ៉ាងណា នៅពេលនេះ ពួកគាត់ទាំង៣នាក់ កំពុងដំណើរការតាមផ្លូវច្បាប់ហើយ បន្ទាប់ពីប្រធានជាថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនចៅម៉ែប្រចាំប្រទេសកម្ពុជា គឺអ្នកស្រី សៀង សុភក្តិ ពុំចេញមុខដោះស្រាយរឿងដកសិទ្ធិនេះ បើទោះជាលិខិតអញ្ជើញមេធាវីរបស់ពួកគាត់ បានទៅដល់ក្រុមហ៊ុនយ៉ាងក៏ដោយ។
ជុំវិញរឿងដកសិទ្ធិដោយគ្មានហេតុផលនេះផងដែរ កូនក្រុមរបស់អ្នកស្រី រ៉ា រចនា គឺអ្នកស្រី ឌុំ ធារ៉ាក់ ដែលមានតំណែងជា Super សាខាខេត្តប៉ៃលិន របស់ក្រុមហ៊ុនវិមានរចនា កាលពីយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ អ្នកស្រីបានធ្វើការ Live វីដេអូរៀបរាប់ពីបញ្ហានេះឲ្យមហាជន ជាពិសេសសាខាៗទាំងអស់របស់នាងចៅម៉ែ បានដឹងពីទង្វើដ៏អាក្រក់របស់ប្រធាន និងម្ចាស់ក្រុមហ៊ុនវិមានរចនា នាងចៅម៉ែ តែម្តង។
ក្នុងនោះ អ្នកស្រី ឌុំ ធារ៉ាក់ បានប្រាប់ឲ្យដឹងថា ការដកសិទ្ធិចេញនេះ គឺក្រុមហ៊ុនពុំបានផ្តល់ព័ត៌មានឲ្យគាត់បានដឹងសូម្បីបន្តិចឡើយ ហើយការប្រកាសដកសិទ្ធិនោះ គឺកើតឡើងកាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅម្ល៉េះ ពីសំណាក់ប្រធានតំណាងក្រុមហ៊ុនវិមានរចនាប្រចាំប្រទេសកម្ពុជា គឺអ្នកស្រី សៀង សុភក្តិ ហើយបន្ទាប់មក នៅថ្ងៃទី៦ ខែកុម្ភៈ ដដែល ក៏ត្រូវនាងចៅម៉ែ យាយព្រាយ ប្រកាសជាផ្លូវការដកសិទ្ធិក្តែងៗតែម្តង។
អ្នកស្រី ធារ៉ាក់ បន្តថា ដោយសារតែរង់ចាំដោះស្រាយ មិនមែនការឆ្លើយតប គាត់ក៏បានឲ្យមេធាវីរបស់គាត់យកលិខិតអញ្ជើញសុំជួបចរចាទៅដល់ក្រុមហ៊ុនផ្ទាល់ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២។ ប៉ុន្តែ នៅពេលលិខិតទៅដល់ ក៏ត្រូវបានលោកស្រី សៀង សុភក្តិ ដែលជាប្រធានតំណាងក្រុមហ៊ុនវិមានរចនាប្រចាំប្រទេសកម្ពុជា ធ្វើការច្រានចោលមិនទទួលជួបឡើយ។ ដោយសារលិខិតទី១បរាជ័យ គាត់ក៏បានធ្វើជាលើកទី២ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ដោយបង្ហោះជាសាធារណៈជូនដំណឹងទៅក្រុមហ៊ុនតែមកដល់ថ្ងៃនេះមិនទាន់ឃើញម្ចាស់ក្រុមហ៊ុននាងចៅម៉ែ ឬ ប្រធានជាតំណាងណាម្នាក់ ផ្តល់ព័ត៌មានជូនអ្នកស្រីឡើយ។
អ្នកស្រីក៏សូមបញ្ជាក់ថា អ្នកស្រីធ្វើការ Live វីដេអូនេះ គឺមិនមែនបំណងចង់បរិហាកេរ្តិ៍ ឬធ្វើឲ្យប៉ះពាល់ក្រុមហ៊ុននោះទេ តែអ្នកស្រីចង់ដឹងថា តើអ្នកស្រីមានកំហុសអ្វី បានជាតំណាងប្រធានក្រុមហ៊ុនវិមានរចនាប្រចាំប្រទេសកម្ពុជា និងម្ចាស់ក្រុមហ៊ុននាងចៅម៉ែ នៅសុខៗស្រាប់តែដកសិទ្ធិគាត់ចេញបែបនេះ។ តែទោះយ៉ាងណា អ្នកស្រីថា បើដកសិទ្ធិក៏ដកទៅ តែសូម Clear ប្រមូលយកផលិតផលនៅក្នុងស្តុកតម្លៃរាប់ម៉ឺនដុល្លារ ពីគាត់ទៅវិញផង គឺចប់រឿងហើយ។
អ្នកស្រី ធារ៉ាក់ ក៏បានផ្តាំទៅប្រធានក្រុមហ៊ុនអ្នកស្រី សៀង សុភក្តិ ឲ្យបានដឹងច្បាស់ថា គាត់មិនមែនចូលរកស៊ីជាមួយក្រុមហ៊ុននាង ចៅម៉ែ ដោយការលើកបន្តុបនោះឡើយ គឺលុយៗណា មិនមានចូលស្រួលៗនោះទេ ទម្រាំបានតំណែងនេះ ត្រូវដាក់លុយបន្តបន្ទាប់រាប់ពាន់ម៉ឺនដុល្លារ ឯណោះ។ ហេតុនេះ ត្រូវតែដោះស្រាយឲ្យគាត់ កុំបានតែទ្រឹស្តីអូសទាញ សច្ចៈ វិចារ ទៀងត្រង់ ហារចេញពីក្រអូមមាត់ឲ្យរួចតែពីមាត់របស់នាងចៅម៉ែ ឡើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង










